(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌា នឹងផ្អាកសម្បទានពាណិជ្ជកម្ម ក៏ដូចជាដំឡើងពន្ធនាំចូលលើផលិតផលអាមេរិក៣០មុខ រហូតដល់ ៥០ភាគរយ ជាការឆ្លើយតបទៅនឹងការដំឡើងពន្ធនាំចូលលើកដែកថែប និងអាលុយមីញ៉ូម របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមបញ្ជីផលិតផលដែលត្រូវដំឡើងពន្ធរបស់ទីក្រុងញូដេលី ផលិតផលនាំចូលពីសហរដ្ឋអាមេរិក៣០មុខនឹងត្រូវជាប់កាតព្វកិច្ច ដំឡើងពន្ធ ហើយក្នុងនោះការដំឡើងពន្ធ៥០ភាគរយ នឹងត្រួវអនុវត្តលើម៉ូតូមានកម្លំាងចាប់ពី៨០០cc ឡើងទៅ ខណៈផ្លែប៉ោមជាប់ ពន្ធ២៥ភាគរយ ព្រមទំាងផ្លែ almonds និងផ្លែ walnuts ២០ភាគរយ។
គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅ ទីក្រុងញូដេលីបានផ្ញើលិខិតមួយទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បី បញ្ជាក់ប្រាប់ពីគំរោងដំឡើងពន្ធរបស់ខ្លួន។ គិតជាសរុបគំរោងដំឡើងពន្ធនេះលើមុខផលិតផលអាមេរិក៣០មុខ មានតម្លៃគិតជាប្រាក់ ស្មើនឹងជាង២៤០លានដុល្លារអាមេរិក៕