Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ បា្រប់លោក ម៉ាក្រុង៖ «ភេរវករទាំងអស់ គឺនៅក្នុងទីក្រុងប៉ារីស»

17-06-2018 17:10

(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក Wall Street Journal បានឱ្យដឹងថា នៅអំឡុងកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសកាណាដា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើពាក្យមិនគួរគប្បីជាច្រើនដាក់មេដឹកនាំអឺរ៉ុប ជាពិសេសគឺប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨។

យោងតាម Wall Street Journal សង្រ្គាមពាក្យសម្ដីរវាង លោក ត្រាំ និងលោក ម៉ាក្រុង បានផ្ទុះឡើងនៅពេលនិយាយដល់បញ្ហា ជនអន្តោប្រវេសន៍ និងភេរវករ ដោយប្រធានាធិបតីអាមេរិករូបនេះបាននិយាយធ្ងន់ៗថាភេរវករទាំងអស់គឺនៅក្នុងទីក្រុងប៉ារីស។ «អ្នក គួរតែដឹង «អែមម៉ានុយអែល» ពីព្រោះថាភេរវករទាំងអស់គឺនៅក្នុងទីក្រុងប៉ារីស»។ នេះបើតាមសម្ដីរបស់លោក ដូណាល់ ត្រាំ។

បន្ថែមពីលើនេះ លោកត្រាំក៏បាននិយាយពីបញ្ហាអន្តោប្រវេសន៍នៅអឺរ៉ុបនេះជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ផងដែរ ដោយលោកលើកឡើងដូច្នេះថា៖« ស៊ីនហ្សូ! អ្នកមិនមានបញ្ហាចំពោះរឿងនេះទេ ប៉ុន្តែបើខ្ញុំអាចបញ្ជូនជនអន្តោប្រវេសន៍ម៉ិចស៊ីកូ ២៥លាននាក់ឱ្យអ្នក នោះអ្នកនឹងលាលែងពីតំណែង»។

គួររំលឹកថា កិច្ចប្រជុំកំពូល G7​ ដែលប្រព្រឹត្តទៅពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែមិថុនា កន្លងទៅ ក្នុងទីក្រុង Quebec ប្រទេសកាណាដា បានបិទបញ្ចប់ទៅជាមួយភាពតានតឹង ខណៈលោក ដូណាល់ ត្រាំ បានចាកចេញមុនកិច្ចប្រជុំបញ្ចប់ ព្រមទាំងបានបដិសេធមិនគំាទ្រ ដល់សេចក្ដីថ្លែងការណ៍រួមរបស់ G7​ ទៀតផង៕