(សេអ៊ូល)៖ កូរ៉េខាងត្បូងបានស្នើឱ្យកូរ៉េខាងជើង ដកកាំភ្លើងធំធុនធ្ងន់ ចេញឱ្យឆ្ងាយពីតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨។
យ៉ុនហាប់ ផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីរដ្ឋាភិបាលទីក្រុងសេអ៊ូល បានឱ្យដឹងទៀតថាសំណើរខាងលើត្រូវបានធ្វើឡើងនៅ អំឡុងកិច្ចប្រជុំថ្នាក់ឧត្តមសេនីយ៍កាលពីថ្ងៃព្រហស្បតិ៍ ជាលើកដំបូងក្នុងរយៈពេលជាង១០ឆ្នាំមកនេះ។ នៅក្នុងកិច្ចប្រជុំនោះ កូរ៉េខាង ត្បូង បានស្នើឡើងនូវសំណើជាច្រើន ក្នុងនោះរួមមានទាំងការដកកាំភ្លើងធំធុនធ្ងន់របស់កូរ៉េខាងជើងចេញឱ្យឆ្ងាយពីតំបន់ព្រំដែនក្នុង ចំងាយពី៣០ដល់៤០គីឡូម៉ែត្រ។ ប៉ុន្តែមកទល់ពេលនេះ ពុំទាន់មានចម្លើយតបជាផ្លូវការណាមួយពីទីក្រុងព្យុងយ៉ាង នៅឡើយទេ។
គួរបញ្ជាក់ថា យោងតាមសៀវភៅស របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៦ កូរ៉េខាងជើងមានកាំភ្លើងធំ ១៤,១០០ ដើម ក្នុងនោះមាន៥,៥០០ដើមជាប្រភេទបាញ់គ្រាប់រ៉ុក្កែត បានជាច្រើនគ្រាប់ក្នុងរយៈពេលតែមួយ ហើយកាំភ្លើងធំទាំងនេះភាគច្រើន ត្រូវបានដាក់ពង្រាយនៅក្បែរតំបន់ព្រំដែន។ មួយវិញទៀត កូរ៉េខាងជើង ក៏ត្រូវបានគេដឹងផងដែរថាមានកាំភ្លើងធំ ២៤០មីលីម៉ែត្រ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការវាយប្រហារលើទីក្រុងសេអ៊ូល និងតំបន់ក្បែរខាង៕