(អ៊ីរ៉ាក់)៖ តារាសម្ដែងស្រីអាមេរិក អ្នកនាង Angelina Jolie បានទទូចឱ្យសហគមន៍អន្តរជាតិ កុំប្រងើយកន្ដើយចំពោះប្រជាជនអ៊ីរ៉ាក់ នៅក្នុងទីក្រុងម៉ូសូល ដោយថែមទាំងអះអាងថាការបំផ្លិចបំផ្លាញនៅក្នុងទីក្រុងមួយនេះ គឺមានសភាពអាក្រក់បំផុតដែលអ្នកនាងមិន ធ្លាប់បានឃើញចាប់តាំងពីទទួលដំណែងជាអគ្គរដ្ឋទូតពិសេស UNHCR។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨។
អ្នកនាង Angelina Jolie អគ្គរដ្ឋទូតពិសេសនៃឧត្ដមស្នងការ UN សម្រាប់ជនភៀសខ្លួន (UNHCR) បានបំពេញដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងម៉ូសូល ប្រទេសអ៊ីរ៉ាក់ នាពេលថ្មីៗនេះ។ ថ្លែងនៅលើគេហទំព័រ UNHCR តារាសម្ដែងស្រីហូលីវូតរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖«ខ្ញុំជំរុញឱ្យសហគមន៍អន្តរជាតិ កុំប្រងើយកន្ដើយ ឬបំភ្លេចទីក្រុងម៉ូសូល ក៏ដូចជាបែរខ្នងដាក់ប្រជាជន នៅក្នុងទីក្រុងមួយនេះឱ្យសោះ...ពីព្រោះថាការបំផ្លិចបំផ្លាញនៅម៉ូសូលមានសភាពធ្ងន់ធ្ងរ និងអាក្រក់បំផុតដែលខ្ញុំមិនធ្លាប់បានឃើញ គិតចាប់តាំងពី ខ្ញុំបម្រើការងារឱ្យ UNHCR។ នៅទីនេះ មនុស្សបានបាត់បង់អ្វីគ្រប់យ៉ាង ខណៈផ្ទះរបស់ពួកគេត្រូវបានបំផ្លាញស្ទើ គ្មានសល់»។
គួររំលឹកថា កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ក្រោមការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក បានវាយដំណ្ដើមយកទីក្រុងម៉ូសូលពីពួក ISIS មកវិញកាលពីខែកក្កដា ឆ្នាំ២០១៧ ក្រោយក្រុមភេរវករមួយនេះគ្រប់គ្រងអស់រយៈពេលជាងបីឆ្នាំ៕