(ញូយ៉ក)៖ ការសម្រេចចិត្តចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក ក្នុងការដំឡើងពន្ធលើផលិតផលចិន និងការរឹតត្បិតការនាំចូលនឹង មានតែបំផ្លាញដល់ផលប្រយោជន៍ក្រុមហ៊ុនអាមេរិក ព្រមទាំងសណ្ដាប់ធ្នាប់ពាណិជ្ជកម្មពិភពលោកតែប៉ុណ្ណោះ។ នេះបើតាម
អ្នកជំនាញ លោក Edward Alden ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨។
លោក Edward Alden ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយស៊ីនហួរ ហើយថ្លែងនាឱកាសនោះអ្នកជំនាញរូបនេះ ក៏បានព្រមានដែរថាការកើនឡើងនៃវិធានការគាំពារនិយមរបស់សហរដ្ឋអាមេរិក នឹងបង្កការរំខានដល់សណ្ដាប់ធ្នាប់ពាណិជ្ជកម្មរបស់ ពិភពលោក។ លោក Alden បានបន្ថែមដូច្នេះថា៖«ខ្ញុំពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះពាណិជ្ជកម្មពិភពលោក...ដ្បិត សង្រ្គាមពាណិជ្ជកម្មដែលកំពុងកើតឡើងនេះ អាចនឹងដើរហួសព្រំដែនច្បាប់នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងកិច្ចព្រម ព្រៀងពាណិជ្ជកម្មជាដទៃទៀត»។
សូមជម្រាបថា រដ្ឋាភិបាលចិន កាលពីថ្ងៃសៅរ៍ បានសម្រេចចិត្តដំឡើងពន្ធបន្ថែម ២៥ភាគរយ ទៅលើផលិតផលសរុបចំនួន ៦៥៩ មុខ របស់សហរដ្ឋអាមេរិក គិតជាតម្លៃប្រហែល ៥០ពាន់លានដុល្លារ។ ក្នុងចំណោមនោះ ការបង្កើនពន្ធបន្ថែមលើទំនិញ៥៤៥មុខ ដែលមានទំហំជាទឹកប្រាក់ប្រមាណ ៣៤ពាន់លានដុល្លារ រួមមានផលិតផលកសិកម្ម និងយានជំនិះជាដើមនោះ នឹងចូលជាធរមាន ចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨តទៅ។
មួយវិញទៀត ការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង ធ្វើឡើងជាការឆ្លើយតបនឹងសហរដ្ឋអាមេរិក ដែលបានប្រកាសពីការបង្កើនពន្ធ បន្ថែម ២៥ភាគរយ ទៅលើទំនិញនាំចូលពីចិន ដែលមានតម្លៃស្មើនឹង ៥០ពាន់លានដុល្លារ៕