(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងប្រកាសផ្អាកការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរវាងប្រទេស ទាំងពីរ នៅក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨។
យ៉ុនហាប់ ផ្អែកលើប្រភពមិនបញ្ចេញឈ្មោះ ដែលខ្លួនទទួលបានពីក្រុមមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ការផ្អាកការធ្វើសមយុទ្ធយោធានេះ នឹងត្រូវអនុវត្តតែទៅលើសមយុទ្ធយោធាទ្រង់ទ្រាយធំតែប៉ុណ្ណោះ។ ពោលគឺមិនផ្ដោតលើការធ្វើ សមយុទ្ធយោធាជាទម្លាប់ធម្មតារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលនោះទេ ហើយមិនតែប៉ុណ្ណោះប្រភពដដែលនេះក៏បាន
អះអាងដែរថាការធ្វើសមយុទ្ធយោធាអាចនឹងធ្វើឡើងវិញ បើសិនជាកូរ៉េខាងជើង មិនអនុវត្តតាមការសន្យាលុបបំបាត់អាវុធនុយក្លេអ៊ែរ របស់ខ្លួន។
គួររំលឹកថា ក្រោយជំនួបជាមួយលោក គីម ជុងអ៊ុន ក្នុងប្រទេសសិង្ហបុរី កាលពីសប្ដាហ៍មុន លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលពីគំរោងបញ្ឈប់ការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង សំដៅបន្ធូរបន្ថយភាពតានតឹងជាមួយ ទីក្រុងព្យុងយ៉ាង ដែលតែងតែចាត់ទុកថាវាគឺជាសកម្មភាពបង្ករឿង និងបង្ហាញពីចេតបង្កសង្រ្គាម៕