(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមានបំណងចង់ឲ្យប្រជាជនអាមេរិក គោរពរូបលោក ដូចទៅនឹងរបៀបដែលប្រជាជនកូរ៉េខាងជើង ធ្វើចំពោះមេដឹកនាំរបស់ពួកគេ គឺលោក គីម ជុងអ៊ុន ដែរ ខណៈសម្តីនេះហាក់ដូចជាការនិយាយលេងសើចក៏ដោយក្តី ប៉ុន្តែវាបានបង្កឲ្យមានការមិនពេញចិត្តជាខ្លាំង នៅលើបណ្តាញសង្គម និងបណ្តាញសារព័ត៌មានក្នុងស្រុក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានចិន CGTN នៅល្ងាចថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ត្រូវបានចោទសួរសំណួរ នៅអំឡុងការផ្តល់បទសម្ភាសន៍មួយ ជាមួយសារព័ត៌មាន Fox News នៅក្រៅសេតវិមានថា តើលោកនឹងអញ្ជើញលោក គីម ជុងអ៊ុន មកសេតវិមានមែនដែរ ឬអត់។ លោក ត្រាំ បានឆ្លើយតបវិញថា «គាត់ (លោក គីម) គឺជាប្រមុខរដ្ឋមួយរូបរបស់ប្រទេសមួយ» ដែលជាតំរុយថា ការអញ្ជើញលោក គីម ជុងអ៊ុន មកធ្វើទស្សនកិច្ចនៅសេតវិមាន គឺអាចទៅរួច។ ក្នុងឱកាសនោះ លោក ត្រាំ បានបន្តថា «នៅពេលគាត់ (លោក គីម) និយាយអ្វី ប្រជាជនរបស់គាត់សម្តែងការគោរព និងផ្តោតការយកចិត្តទុកដាក់ជាខ្លាំងដើម្បីស្តាប់។ ខ្ញុំក៏ចង់ឲ្យប្រជាជនរបស់ខ្ញុំធ្វើយ៉ាងដូច្នោះដែរ»។
គួរជម្រាបថា នៅពេលត្រូវក្រុមអ្នកសារព័ត៌មាន ស្នើឲ្យបកស្រាយឲ្យច្បាស់ពីអត្ថន័យ នៃការអធិប្បាយខាងលើរបស់់ខ្លួន លោក ត្រាំ បានលើកឡើងថា វាគ្រាន់តែជាការនិយាយលេងសើចប៉ុណ្ណោះ ហើយបន្ទាប់ទៀតអ្នកនាំពាក្យសេតវិមាន ក៏បានចេញមុខការពារលោកប្រធានាធិបតីផងដែរ។ យ៉ាងណាមិញ មហាជនអាមេរិក បានលើកឡើងថា ការពោលពាក្យបែបនេះ ហាក់ដូចជាបានបង្ហាញថា លោក ត្រាំ ឲ្យតម្លៃទៅលើទង្វើផ្តាច់ការអ៊ីចឹង ខណៈអ្នកវិភាគមួយចំនួន បានបញ្ជាក់ថា មានប្រធានបទខ្លះ ក្នុងនាមជាប្រធានាធិបតីអាមេរិក គឺមិនគួរនិយាយលេងសើចឥតប្រយោជន៍ឡើយ៕