(វ៉ាស៊ីនតោន)៖ ដូចដែលបានដឹងហើយថា លទ្ធផលនៃកិច្ចប្រជុំ G7 កាលពីចុងសប្តាហ៍មុននេះ គឺពុំមានភាពវិជ្ជមានឡើយ ខណៈនាពេលនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវគេទម្លាយឲ្យដឹងថែមទៀតថា មិនត្រឹមតែមានការទាស់ទែងគ្នា ជាមួយនាយករដ្ឋមន្រ្តីកាណាដា ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប៉ុណ្ណោះទេ លោកក៏មានបញ្ហាវិវាទនៅក្រៅឆាកជាមួយមេដឹកនាំមួយចំនួនទៀតផងដែរ នៅអំឡុងកិច្ចប្រជុំ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអាមេរិក ដកស្រង់ខ្លឹមសារដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨។
កិច្ចប្រជុំកំពូល Group of Seven ដែលជាការជួបជុំពិភាក្សាគ្នា នៃប្រទេសសេដ្ឋកិច្ចកំពូលៗទាំង ៧ លើពិភពលោក កាលពីចុងសប្តាហ៍មុន បានបញ្ចប់ទៅដោយបរាជ័យ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក បានប្រកាសទាត់ចោលសេចក្តីថ្លែងការណ៍រួម ស្តីពីលទ្ធផលក្រោយកិច្ចប្រជុំ និងបានបង្ហោះសារវាយប្រហារទៅលើនាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau ថែមទៀតផង។
បើតាមការរាយការណ៍របស់កាសែតអាមេរិក Wall Street Journal ដោយផ្អែកលើប្រភពព័ត៌មានពីមន្រ្តីអឺរ៉ុប ដែលមានវត្តមានក្នុងកិច្ចប្រជុំនៅក្រោយឆាកនៃព្រឹត្តិការណ៍នេះ សមាភាគីរបស់លោក ត្រាំ មានការភ័យព្រួយ និងស្រងាកចិត្តជាខ្លាំង ចំពោះពាក្យសម្តីរបស់លោក ត្រាំ ជុំវិញប្រធានបទមានតាំងពីបញ្ហាពាណិជ្ជកម្ម រហូតដល់អំពើភេរវកម្ម និងអន្តោប្រវេសន៍។
យោងតាមប្រភពឲ្យដឹងដដែល នៅចំណុចមួយនោះ លោក ដូណាល់ ត្រាំ បានលើកឡើងថា បញ្ហាអន្តោប្រវេសន៍គឺជាបញ្ហាដ៏ធំសម្រាប់អឺរ៉ុប ហើយក៏បន្តនិយាយទៅកាន់នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ថា «ស៊ីនហ្សូ, លោកអត់មានបញ្ហានេះទេ ប៉ុន្តែខ្ញុំអាចបញ្ជូនជនអន្តោប្រវេសន៍ម៉ិចស៊ីកូ ២៥លាននាក់ ទៅឲ្យលោកបាន ហើយលោកច្បាស់ជា នឹងត្រូវចុះចេញពីតំណែងឆាប់ៗមិនខាន»។
លើសពីនេះទៀត នៅពេលប្រធានបទងាកទៅរកអ៊ីរ៉ង់ និងអំពើភេរវកម្ម លោក ត្រាំ បានបែរទៅថា ឲ្យប្រធានាធិបតីបារាំង លោក Emmanuel Macron ដោយនិយាយថា «លោកច្បាស់ជាដឹងអំពីរឿងនេះហើយ Emmanuel ព្រោះថា ភេរវករទាំងអស់សុទ្ធតែនៅក្នុងទីក្រុងប៉ារីស»។ មិនទាន់អស់ឡើយ ប្រធានគណៈកម្មការអឺរ៉ុបលោក Jean-Claude Juncker ក៏បានត្រូវកាណុងសម្តីរបស់លោក ត្រាំ ផងដែរ ជុំវិញការពិន័យរបស់ស្ថាប័ននេះទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក គិតជាទឹកប្រាក់សរុបរហូតដល់រាប់ពាន់លានដុល្លារ។
គួរជម្រាបថា ភាពខ្វែងគំនិតគ្នាខ្លាំងជុំវិញបញ្ហាពាណិជ្ជកម្ម បានគ្របដណ្តប់បរិយាកាសនៃកិច្ចប្រជុំ G7 ទាំងមូល ដោយមេដឹកនាំនៃប្រទេសសេដ្ឋកិច្ចកំពូលលើលោកឯទៀតៗ បានរួមគ្នាតវ៉ានឹងការគំរាមកំហែង ដំឡើងពន្ធកម្រិតធ្ងន់លើផលិតផលដែកថែប និងអាលុយមីញ៉ូម ដែលនាំចូលរបស់លោក ត្រាំ។
ដោយឡែក លោក ត្រាំ បានទាត់ចោលសេចក្តីរាយការណ៍អំពីបញ្ហាវិវាទនេះថា ជាការបំភ្លៃព័ត៌មាន ដោយប្រើប្រាស់រូបភាពបោកប្រាស់ ហើយទន្ទឹមនឹងនោះលោកក៏បានបញ្ចេញរូបភាពមួយចំនួនទៀត ដែលបង្ហាញពីរូបលោកមើលទៅហាក់ដូចជាត្រូវរ៉ូវគ្នា ជាមួយមេដឹកនាំ G7 ដទៃទៀត៕