(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសារជូនពរថ្ងៃខួបកំណើត អមជាមួយនិងកន្ត្រកផ្កាដ៏ស្រស់បំព្រងមួយផងដែរ ជូនប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលប្រៀបបានដូចជា សម្ព័ន្ធមិត្តធំបំផុតមិនអាចខ្វះបាន សម្រាប់លោកជារៀងរហូត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីហួរ នារសៀលថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងសារខាងលើនេះ លោក គីម ជុងអ៊ុន តំណាងឲ្យប្រជាជាតិកូរ៉េខាងជើងទាំងមូល បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងស្វាគមន៍ចំពោះថ្ងៃខួបកំណើតរបស់ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គំរប់អាយុ ៦៥ឆ្នាំ កាលពីថ្ងៃទី១៥ ខែមិថុនា ម្សិលមិញនេះតែម្តង។ លោក គីម បានជូនពរលោក ស៊ី ឲ្យរក្សាបាននូវសុខភាពល្អ, ជោគជ័យក្នុងកិច្ចការងារបម្រើប្រទេសជាតិ និងសុភមង្គលក្នុងក្រុមគ្រួសារ។
គួរបញ្ជាក់ថា ទោះបីជាក្នុងវេលាណាក៏ដោយ មហាយក្សចិននៅតែជាសម្ព័ន្ធមិត្តធំមួយ ដែលកូរ៉េខាងជើងអាចជឿទុកចិត្ត និងពឹងពាក់បានជានិច្ច ហើយចិនក៏ត្រូវការកូរ៉េខាងជើងគាំទ្រទាំងផ្នែកយុទ្ធសាស្ត្រ និងនយោបាយវិញដូចគ្នា៕