(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ កំពុងពិចារណារៀបចំបង្កើតមូលនិធិអន្តរជាតិមួយ ដើម្បីផ្តល់ហិរញ្ញប្បទាន សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុកជប៉ុន ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨។
បើតាមសារព័ត៌មានជប៉ុន Kyodo លោក ស៊ីនហ្សូ អាបេ នាថ្ងៃសៅរ៍នេះបានលើកឡើងអំពីយន្តការជាសកលមួយ ដែលនឹងប្រមូលបរិច្ចាគទានពីសហគមន៍អន្តរជាតិ ដើម្បីផ្តល់ជំនួយដល់ប្រទេសកូរ៉េខាងជើង ក្នុងការគោលបំណងលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញពីរដ្ឋកុម្មុយនិស្តមួយនេះ។ លោក អាបេ បានបន្តថា ជប៉ុននឹងទទួលបានអត្ថប្រយោជន៍ពីការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្តែទីក្រុងព្យុងយ៉ាង ត្រូវចាប់វិធានការជាក់ស្តែង និងចាំបាច់ផ្សេងៗជាមុនសិន ដើម្បីបញ្ជាក់ថា ខ្លួនពិតជាមានឆន្ទៈក្នុងការអនុវត្តន៍តាមការសន្យារបស់ខ្លួន។
ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញានឹងរំសាយអាវុធនុយក្លេអ៊ែរ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចុះហត្ថលេខាដោយលោកនិងលោក ដូណាល់ ត្រាំ នៅក្រោយជំនួបកំពូលជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ នៅសិង្ហបុរីកាលពីថ្ងៃអង្គារកន្លងទៅនេះ។
គួរជម្រាបផងដែរថា នៅក្នុងសន្និសីទព័ត៌មាន នៅក្រោយជំនួបកំពូលខាងលើ លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនជួយចេញថ្លៃលុបបំបាត់អាវុធនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាងនោះទេ ប៉ុន្តែកូរ៉េខាងត្បូង និងជប៉ុនមានសមត្ថភាពផ្ដល់ជំនួយហិរញ្ញវត្ថុ ហើយជាការឆ្លើយតបភ្លាមៗ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) បាននិយាយថា ទីក្រុងតូក្យូអាចនឹងជួយចេញថ្លៃចំណាយខ្លះ លើដំណើរការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង៕