(អាមេរិក)៖ គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក (ITC) បានផ្តល់អនុសាសន៍ដល់ចៅក្រមផ្នែកពាណិកម្មថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple Inc បានរំលោភលើសិទ្ធិប៉ាតង់យ៉ាងតិចមួយ របស់ក្រុមហ៊ុនផលិតបរិក្ខាទូរគមនាគមន៍ Qualcomm ដែលការបោះជំហាននេះ អាចនឹងឈានទៅដល់ការរាំងខ្ទប់ការនាំចូល របស់ទូរស័ព្ទដៃ iPhone មួយចំនួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨។
ក្រុមហ៊ុនផលិតបន្ទះឈីប ដែលមានមូលដ្ឋាននៅទីក្រុងសេនឌីអេហ្គោ (San Diego) Qualcomm បានដាក់ពាក្យប្តឹងប្រឆាំងនឹងក្រុមហ៊ុន Apple កាលពីជិតមួយឆ្នាំមុន ដោយស្នើឲ្យគណៈកម្មការខាងលើ ចេញបំរាមហាមឃាត់លើការនាំចូលនៃទូរស័ព្ទដៃ iPhone ដែលមានបំពាក់នូវបន្ទះឈីបរបស់ក្រុមហ៊ុនជាគូប្រជែងរបស់ Qualcomm គឺ Intel Corp ដែលអាចជួយឲ្យទូរស័ព្ទដៃតភ្ជាប់ទៅកាន់បណ្តាញ Wireless ប្រសើរជាងមុន។
ក្នុងសវនាការនៅរដ្ឋវ៉ាស៊ីនតោន ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រុមការងារ ITC បានលើកឡើងថា Apple បានបំពានលើសិទ្ធិប៉ាតង់មួយរបស់ Qualcomm ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាសន្សំសំចៃថ្ម។ យ៉ាងណាមិញ នៅក្នុងសំណុំរឿងពាណិជ្ជកម្មបែបនេះ ITC ដើរតួនាទីក្នុងនាមជាភាគីទីបីប៉ុណ្ណោះ ដោយមតិរបស់ ITC គឺពុំចាំបាច់ត្រូវអនុវត្តន៍តាមនោះឡើយ ប៉ុន្តែចៅក្រៅជារឿយៗតែងធ្វើតាមយោបល់ទាំងនេះ។
គួរជម្រាបថា សំណុំរឿងខាងលើនេះ គ្រាន់ជាសំណុំរឿងមួយដំបូងប៉ុណ្ណោះ ដែលបានឡើងដល់សវនាការ នៅក្នុងចំណោមរឿងក្តីជាច្រើនផ្សេងទៀត រវាង Apple និង Qualcomm ដែលមានវិវាទជុំវិញសិទ្ធិប៉ាតង់, ការប្រើប្រាស់អាជ្ញាប័ណ្ឌ, និងកុងត្រារវាងប្រទេសទាំងពីរ៕