(ប៉េកាំង)៖ មិនអាចបង្អង់យូរនោះឡើយ ក្រសួងពាណិជ្ជកម្មរបស់ចិន នៅយប់ថ្ងៃសុក្រនេះ បានប្រកាសទៅកាន់សហរដ្ឋអាមេរិកវិញថា នឹងធ្វើការសងសឹកវិញឲ្យបានពេញថ្លៃចំពោះអ្វីដែលរដ្ឋបាល លោក ដូណាល់ ត្រាំ ដែលបានតម្លើងពន្ធ ២៥% លើទំនិញរបស់ចិន ដែលគិតជាទឹកប្រាក់ ៥០ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ CNBC នាយប់ថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។
បន្ថែមពីការប្រកាសឆ្លើយតបខ្លាំងៗខាងលើនេះ ក្រសួងពាណិជ្ជកម្មចិនក៏បានសង្កត់ធ្ងន់បន្ថែមទៀតដែរថា រាល់លទ្ធផលទាំងអស់ ដែលបានកើតចេញពីការចរចាគ្នាផ្នែកពាណិជ្ជកម្មរវាងចិន និងអាមេរិក កាលពីមុនត្រូវលុបចោលទាំងអស់។
គួរបញ្ជាក់ថា ក្រោយពីការប្រកាសតម្លើងពន្ធលើទំនិញនាំចូលពីចិនហើយនោះ ខាងសេតវិមានអាមេរិក ក៏បានព្រមានផងដែរថា ពន្ធបន្ថែមទៀត ក៏នឹងត្រូវដាក់ចេញផងដែរ ប្រសិនបើចិនហ៊ានសងសឹក។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ឲ្យដឹងថា ពន្ធទាំងឡាយដែលសហរដ្ឋអាមេរិកបានដាក់ចេញពេលនេះ គឺស្ថិតនៅក្នុងចំណាត់ការទប់ទល់ចំពោះផែនការ «Made in China ឬ ផលិតនៅប្រទេសចិន» ដែលប្រទេសចិនចង់ធ្វើឲ្យខ្លួនឯង ក្លាយជាអ្នកនាំមុខគេ និងគ្រប់គ្រងវិស័យឧស្សាហកម្ម-បច្ចេកវិទ្យាកម្រិតខ្ពស់ នៅលើពិភពលោក។
លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា គំរោងរបស់ចិនខាងលើនេះ ពិតជាបង្កបញ្ហាធំដល់ការរីកចំរើនសេដ្ឋកិច្ចរបស់អាមេរិក និងបណ្តាប្រទេសជាច្រើនទៀត។ ការតម្លើងពន្ធខាងលើនេះ គឺសហរដ្ឋអាមេរិកក៏ចង់បង្ខំឲ្យចិន បញ្ឈប់ការអនុវត្តន៍នូវការដោះដូរផ្នែកកម្មសិទ្ធិបញ្ញាផងដែរ ដូចជាការសុំឲ្យក្រុមហ៊ុនបរទេសចែករំលែកបច្ចេកវិទ្យា-កម្មសិទ្ធិបញ្ញាឲ្យចិន ដើម្បីឲ្យក្រុមហ៊ុនបរទេសទាំងនោះ អាចចូលទៅកាន់ទីផ្សារចិនជាដើម៕