(វ៉ាស៊ីនតោន)៖ ស្ងប់ស្ងាត់មិនទាន់បានប៉ុន្មានផង ពេលនេះអាមេរិកចាប់ផ្តើមធ្វើសង្គ្រាមពាណិជ្ជកម្ម ជាមួយចិនតទៅទៀតហើយ ដោយក្នុងនោះលោកហប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសតម្លើងពន្ធរហូតដល់ទៅ ២៥%ភាគរយ ស្មើនឹង ៥០ពាន់លានដុល្លារ លើទំនិញមួយចំនួននាំចូលពីចិន ដែលអាមេរិកអះអាងថា ជាប្រភេទផលិតផលលួចចម្លង និងរំលោភកម្មសិទ្ធិបញ្ញា។ នេះបើតាមការចេញផ្សាយដោយ BBC នាយប់ថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។
ក្រៅពីការប្រកាសខាងលើនេះ ខាងសេតវិមានអាមេរិក ក៏បានព្រមានផងដែរថា ពន្ធបន្ថែមទៀត ក៏នឹងត្រូវដាក់ចេញផងដែរ ប្រសិនបើចិនហ៊ានសងសឹក។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ឲ្យដឹងថា ពន្ធទាំងឡាយដែលសហរដ្ឋអាមេរិកបានដាក់ចេញពេលនេះ គឺស្ថិតនៅក្នុងចំណាត់ការទប់ទល់ចំពោះផែនការ «Made in China ឬ ផលិតនៅប្រទេសចិន» ដែលប្រទេសចិនចង់ធ្វើឲ្យខ្លួនឯង ក្លាយជាអ្នកនាំមុខគេ និងគ្រប់គ្រងវិស័យឧស្សាហកម្ម-បច្ចេកវិទ្យាកម្រិតខ្ពស់ នៅលើពិភពលោក។
លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា គំរោងរបស់ចិនខាងលើនេះ ពិតជាបង្កបញ្ហាធំដល់ការរីកចំរើនសេដ្ឋកិច្ចរបស់អាមេរិក និងបណ្តាប្រទេសជាច្រើនទៀត។ ការតម្លើងពន្ធខាងលើនេះ គឺសហរដ្ឋអាមេរិកក៏ចង់បង្ខំឲ្យចិន បញ្ឈប់ការអនុវត្តន៍នូវការដោះដូរផ្នែកកម្មសិទ្ធិបញ្ញាផងដែរ ដូចជាការសុំឲ្យក្រុមហ៊ុនបរទេសចែករំលែកបច្ចេកវិទ្យា-កម្មសិទ្ធិបញ្ញាឲ្យចិន ដើម្បីឲ្យក្រុមហ៊ុនបរទេសទាំងនោះ អាចចូលទៅកាន់ទីផ្សារចិនជាដើម៕