(ម៉ូស្គូ)៖ ក្រុមស្ថិតក្នុងទ្វីបអឺរ៉ុបជាមួយគ្នា អេស្ប៉ាញ និងព័រទុយហ្គាល់ ធ្លាប់មានប្រវត្តិជួបគ្នាសរុបទាំងអស់ចំនួន ៣៥ដងគិតចាប់តាំងពីឆ្នាំ១៩២១ ដល់ឆ្នាំ២០១២ ក្នុងនោះអតីតម្ចាស់ជើងឯក World Cup 2010 អេស្ប៉ាញ ធ្លាប់ឈ្នះដល់ទៅ ១៧ដង ស្មើ១២ដង និងចាញ់៦ដងប៉ុណ្ណោះ។
យោងតាមគេហទំព័រកីឡាមួយបានចេញផ្សាយថា ព័រទុយហ្គាល់ ធ្លាប់រងបរាជ័យស្ពឹកមុខរហូតដល់ទៅ ៩-០ កាលពី World Cup 1934 និងចាញ់ ៥-០ កាលពីក្នុងមិត្តភាពអន្តរជាតិនៅឆ្នាំ១៩២៩។
ជួបគ្នាចុងក្រោយនៅក្នុងឆ្នាំ២០១២ នៃព្រឹត្តិការណ៍ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA European Championships នៅប្រទេសប៉ូឡូញ និងអ៊ុយក្រែន ក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ក្រោយពេលអេស្ប៉ាញបានបន្តយកឈ្នះ ក្រុមរបស់កីឡាករ Cristiano Ronaldo ដោយលទ្ធផល ១-០ ទៀតកាលពី World Cup 2010 នៅអាហ្រ្វិកខាងត្បូង។
សូមបញ្ជាក់ផងដែរថា ការជួបគ្នានៅម៉ោង ១៖០០នាទីរំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) រវាងអេស្ប៉ាញ និងព័រទុយហ្គាល់ គឺជាការជួបគ្នាលើកទី៣៦ ក្នុងវគ្គសន្សំពិន្ទុនៃពូល B ដែលមានម៉ារ៉ុក និងអ៊ីរ៉ង់ផងដែរ។ កីឡាករសំខាន់របស់អេស្ប៉ាញរួមមាន ខ្សែប្រយុទ្ធ Diego Costa របស់ក្លឹប Atletico Madrid, អ្នកចាំទី David De Gea របស់ Manchester United និង Sergio Ramos របស់ Real Madrid ស្របពេលអតីតក្រុមជើងឯកទ្វីបអឺរ៉ុប Euro 2016 ព័រទុយហ្គាល់វិញមាន Cristiano Ronaldo របស់ Real Madrid, Bernado Silva របស់ Man City និង Andre Silva របស់ក្លឹប AC Milan៕