(ឡុងដ៍)៖ សំឡេងរបស់រូបវិទូជនជាតិអង់គ្លេសដ៏ល្បីឈ្មោះ គឺលោក ស្ទេវិន ហាឃីង (Stephen Hawking) នឹងត្រូវបាញ់បញ្ជូនទៅកាន់ទីអវកាសក្រោមសារនៃសន្តិភាពនិងក្តីសង្ឃឹម នាថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលធាតុរបស់លោក នឹងត្រូវបញ្ចុះនៅព្រះវិហារ Westminister Abbey នៃទីក្រុងឡុងដ៍ក្បែរអ្នកប្រាជ្ញល្បីៗមួយចំនួនទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។
អ្នកវិទ្យាសាស្រ្តមានកេរ្តិ៍ឈ្មោះល្បីរន្ទឺសុះសាយនៅលើពិភពលោករូបនេះ បានទទួលមរណភាពក្នុងវ័យ៧៦ឆ្នាំ កាលពីមីនាកន្លងទៅនេះ ក្រោយពីបានចំណាយពេលវេលារបស់លោកស្ទើរតែមួយជីវិត តស៊ូជម្នះលើជំងឺស្លាប់សាច់ដុំដ៏កាចសាហាវតាំងតែពីអាយុប្រមាណ២០ឆ្នាំ ព្រមទាំងខិតខំធ្វើការសិក្សាស្រាវជ្រាវអំពីដើមកំណើតនៃចក្រវាឡ ព្រមទាំងអាថ៌កំបាំងនៃបាតុភូតប្រហោងខ្មៅ (Black Hole) និងទម្រង់លក្ខណៈនៃពេលវេលាជាដើម។
គួរជម្រាបថា ធាតុរបស់លោក Hawking នឹងត្រូវបញ្ចុះនៅក្បែរអ្នកប្រាជ្ញជនជាតិអង់គ្លេសដ៏ល្បីពីររូបទៀតគឺលោក អាយសាក់ ញូតុន (Issac Newton) និងលោក ឆាលីស ដាវីន (Charles Darwin) នៅព្រះវិហារ Westminister Abbey ដែលជាទីតាំងដ៏ពេញនិយម សម្រាប់ការឡើងគ្រងរាជ្យសម្បត្តិរបស់រាជរង្សអង់គ្លេស ពិធីមង្គលការ និងពិធីបុណ្យសព។
នៅក្នុងអំឡុងពិធីបញ្ចុះធាតុ សំឡេងរបស់លោក Stephen Hawking នឹងត្រូវបាញ់បញ្ជូនឡើងទៅទីអវកាស ដោយទីភ្នាក់ងារអវកាសអឺរ៉ុប ESA ខណៈគោលដៅនៃការផ្ញើសារនេះ គឺឆ្ពោះទៅកាន់ប្រហោងខ្មៅដែលនៅកៀកយើងបំផុត ឈ្មោះ 1A 0602-00 ដែលស្ថិតនៅក្នុងប្រព័ន្ធផ្កាយភ្លោះ៕