(សេអ៊ូល)៖ អតីតប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ចំនួន០៣រូប របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារនៅថ្ងៃសុក្រនេះ សម្រាប់ការយកលុយរាប់លានដុល្លាររបស់ស្ថាប័ននេះ ទៅសូកប៉ាន់អតីតប្រធានាធិបតី គឺលោកស្រី ផាក គឺនហេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។
ជនទាំងបីរូបខាងលើ ត្រូវបានផ្តន្ទាទោសពីបទសូកប៉ាន់លុយសរុបចំនួន៣.២លានដុល្លារ ទៅឲ្យលោកស្រី ផាក នៅអំឡុងពេលពួកគេរៀងៗខ្លួនមានតួនាទីជាប្រធាននៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ NIS របស់កូរ៉េខាងត្បូង នៅក្រោមរដ្ឋបាលដឹកនាំរបស់អតីតប្រធានាធិបតីរូបនេះ កាលពីចន្លោះឆ្នាំ២០១៣និងឆ្នាំ២០១៦។
ក្នុងចំណោមអតីតប្រធាន NIS ទាំង០៣រូប លោក លី ប៊្យុងគី (Lee Byung-kee) និងលោក លី ប៊្យុងហូ (Lee Byung-ho) ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល០៣ឆ្នាំកន្លះសម្រាប់ម្នាក់ៗ។ ចំណែកបុគ្គលទីបី គឺលោក ណាំ ជែជូន (Nam Jae-joon) ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ០៣ឆ្នាំ។ ជុំវិញសំណុំរឿងនេះ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង ក៏បានទាមទារឲ្យបន្ថែមទោស១២ឆ្នាំ ទៅលើលោកស្រី ផាក សម្រាប់ការទទួលសំណូកពីមូលនិធិរបស់ទីភ្នាក់ងារ NIS ផងដែរ។
គួរជម្រាបថា អតីតប្រធានាធិបតី លោកស្រី ផាក គឺនហេ កំពុងជាប់ពន្ធនាគារសម្រាប់រយៈពេល២៤ឆ្នាំ និងរងការពិន័យជាទឹកប្រាក់រាប់លានដុល្លារ សម្រាប់ការទទួលសំណូក និងការរំលោភអំណាច នៅក្នុងសំណុំរឿងពុករលួយដ៏កក្រើកប្រទេសអាស៊ីខាងកើតមួយ ដែលបានបណ្តាលឲ្យលោកស្រី ត្រូវគេទម្លាក់ពីអំណាច៕