(ប៉េកាំង)៖ ក្រោយពីមានសេចក្តីរាយការណ៍ថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានអនុញ្ញាតការដំឡើងពន្ធកម្រិតខ្ពស់ លើទំនិញទំហំជាទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារ ដែលនាំពីចិនទៅអាមេរិកនោះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញមុខប្រតិកម្មភ្លាមៗថានឹងឆ្លើយតបទៅវិញយ៉ាងស័ក្តិសម ប្រសិនបើវាធ្វើឲ្យចិនរងគ្រោះខ្លាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។
នាព្រឹកនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេរាយការណ៍ថា បានផ្តល់ការអនុញ្ញាតដល់គម្រោងដំឡើងពន្ធលើផលិតផលនាំចូលរបស់ចិនគិតជាទំហំទឹកប្រាក់ប្រហែល៥០ពាន់លានដុល្លារ ហើយបញ្ជីនៃមុខទំនិញដែលនឹងទទួលរងការបង្កើនពន្ធ នឹងត្រូវបញ្ចេញនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។ ឆ្លើយតបនឹងសេចក្តីរាយការណ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គេង ហ្ស័ង (Geng Shuang) បានព្រមានថា ទីក្រុងប៉េកាំង នឹងចាប់វិធានការតបតវិញភ្លាមៗ ដើម្បីការពារខ្លួនឯង ប្រសិនបើការដំឡើងពន្ធរបស់អាមេរិក ប៉ះពាល់ដល់ផលប្រយោជន៍ជាតិចិន។
គួរជម្រាបថា ភាពតានតឹងរវាងចិននិងសហរដ្ឋអាមេរិក បានកើនឡើងកម្តៅខ្លាំង ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមបង្កើនពន្ធក្នុងកម្រិតខ្ពស់លើផលិតផលនាំចេញពីចិន ទៅកាន់សហរដ្ឋអាមេរិក ហើយជាការឆ្លើយតប ទីក្រុងប៉េកាំង បានសន្យាថានឹងធ្វើការវាយបកទៅវិញប្រឆាំងនឹងផលិតផលនាំចេញរបស់អាមេរិកចូលមកក្នុងចិន ជាមួយតម្លៃដ៏ស័ក្តិសមនឹងគ្នា ហើយកិច្ចប្រឹងប្រែងនិងប្តេជ្ញាទាំងប៉ុន្មាន ដែលធ្វើឡើងក្នុងកិច្ចចរចារវាងគ្នានាពេលកន្លងទៅនេះ នឹងត្រូវបោះបង់ចោលទៅវិញ៕