(សេអ៊ូល)៖ សហរដ្ឋអាមេរិនិងកូរ៉េខាងត្បូង នៅខែក្រោយប្រហែលជានឹងធ្វើការសម្រេចចិត្តថា តើគួរឬមិនគួរបញ្ឈប់ការធ្វើសមយុទ្ធយោធារួមគ្នារបស់សម្ព័ន្ធមិត្តទាំងពីរ ដើម្បីបង្កើតជាលក្ខខណ្ឌអំណោយដល់ សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ នេះបើតាមប្រភពឲ្យដឹងពីយោធាកូរ៉េខាងត្បូង ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។
ក្នុងអំឡុងការធ្វើសន្និសីទមួយ នៅក្រោយកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ជាមួយលោក គីម ជុងអ៊ុន លោក ដូណាល់ ត្រាំ បានធ្វើសេចក្តីប្រកាសដ៏ភ្ញាក់ផ្អើលខាងលើនេះថា រូបលោកនឹងបញ្ឈប់ការធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំ Ulchi Freedom Guardian ដែលតែងតែប្រារព្ធឡើងជារៀងរាល់ខែសីហា ជាមួយកូរ៉េខាងត្បូង ព្រមទាំងសមយុទ្ធធំៗមួយចំនួនទៀត។
ជុំវិញបញ្ហានេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដូច្នេះថា «បញ្ហានេះកំពុងស្ថិតក្រោមការពិចារណាតបតាមសំណើរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ហើយការសម្រេចចិត្តច្បាស់មួយ អាចត្រូវរំពឹងថានឹងធ្វើឡើងនៅក្នុងខែកក្កដាខាងមុខនេះ»។
គួរជម្រាបថា ការប៉ុនប៉ងផ្អាកសមយុទ្ធយោធាពីសំណាក់សហរដ្ឋអាមេរិក ក៏ត្រូវបានពិភាក្សាតាមប្រព័ន្ធទូរស័ព្ទ រវាងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ជែម ម៉ាទីស (James Mattis) និងរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក សុង យុងមូ (Song Young-moo) ផងដែរ ដោយលោក Mattis បានធានាដល់សមភាគីរបស់លោកអំពីសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ប្រជាជាតិទាំងពីរ៕