(គែរ)៖ តុលាការមួយនៅប្រទេសអេហ្ស៊ីប បានសម្រេចកាត់ទោសប្រហារជីវិតសមាជិក១១នាក់ នៃក្រុមភាតរភាពអ៊ីស្លាម (Muslim Brotherhood) ជុំវិញការសម្លាប់និងបង្ករបួសស្នាមដល់កងកម្លាំងប៉ូលិស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។
បទល្មើសនៃសំណុំរឿងខាងលើនេះ បានកើតមានឡើង តាំងតែពីខែសីហា ឆ្នាំ២០១៣ នៅពេលដែលក្រុមជនត្រូវបានផ្តន្ទាទោសទាំងនេះ បានឆ្មក់បើកការវាយប្រហារទៅលើយានជំនិះមួយគ្រឿងរបស់ប៉ូលិស។ ជាមួយគ្នានេះ នៅក្នុងសំណុំរឿងមូយទៀតដាច់ដោយឡែកពីគ្នាសមាជិករបស់ក្រុម Muslim Brotherhood ចំនួន០៥នាក់ ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំផងដែរ ពីបទបំផុសអំពើហិង្សាប្រឆាំងកងកម្លាំងប្រដាប់អាវុធអេហ្ស៊ីប មន្រ្តីប៉ូលិស និងអគាររដ្ឋ ដែលបានកើតឡើងកាលពីខែឧសភា ឆ្នាំ២០១៥។
គួរជម្រាបថា ប្រទេសអេហ្ស៊ីប បាននិងកំពុងបន្តកើតមានករណីវាយប្រហារលើកងកម្លាំងសន្តិសុខ ចាប់តាំងតែពីមានការទម្លាក់អតីតប្រធានាធិបតីលោក ម៉ូហាម៉ាត់ ម៉ស៊ី (Mohamed Morsi) ដែលដឹកនាំដោយយោធាកាលពី២០១៣៕