(អូស្លូ)៖ ប្រទេសរុស្ស៊ី បានព្រមានធ្ងន់ៗដាក់ន័រវែស បន្ទាប់ពីប្រទេសអឺរ៉ុបខាងជើងមួយនេះ បានប្រកាសថាខ្លួន គាំទ្រពេញទំហឹង ចំពោះគំនិតដែលថាកងម៉ារីនអាមេរិកបន្ថែមទៀត អាចមកធ្វើការហ្វឹកហាត់នៅលើទឹកដីរបស់ខ្លួនបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។
ស្ថានទូតរុស្ស៊ីប្រចាំនៅរដ្ឋធានីអូស្លូ (Oslo) របស់ប្រទេសន័រវែសបានបង្ហោះសារលើបណ្តាញ Facebook ថា «ទង្វើបែបនេះ នឹងធ្វើឲ្យន័រវែសពិបាកក្នុងការប៉ាន់ស្មាន ហើយអាចបង្កើនភាពតានតឹង ព្រមទាំងបណ្តាលនិងការប្រកួតប្រជែងផ្នែកសព្វាវុធ រហូតឈានទៅរកការបង្កអស្ថិរភាពស្ថានការណ៍នៅក្នុងតំបន់អឺរ៉ុបខាងជើងថែមទៀត»។ ស្ថានទូតរុស្ស៊ីបានបន្តថា ច្បាស់ណាស់ថា ប្រការនេះ ធ្វើឲ្យទីក្រុងម៉ូស្គូយល់ឃើញថា ន័រវែសថាពុំមែនមានចេតនាល្អនោះឡើយ ហើយពួកគេនឹងត្រូវប្រឈមនឹងផលវិបាកស័ក្តិសមតបទៅវិញ។
គួរជម្រាបថា នាសប្តាហ៍នេះ ន័រវែសបានប្រកាសគាំទ្រគំនិតដែលថា កងម៉ារីនសរុបប្រមាណ៧០០នាក់របស់អាមេរិក អាចមកធ្វើការហ្វឹកហាត់នៅក្នុងប្រទេសរបស់ខ្លួនបាន សម្រាប់រយៈពេល០៥ឆ្នាំ ខណៈកងម៉ារីនអាមេរិកចំនួន៣៣០នាក់ កំពុងហ្វឹកហាត់រួចស្រេចទៅហើយ នៅឯមូលដ្ឋានទ័ព វេអឺននែស (Vaernes) ភាគកណ្តាលន័រវែស ចាប់តាំងពីឆ្នាំ២០១៧ ហើយនឹងបន្តរហូតដល់ចុងឆ្នាំ២០១៨នេះ៕