(អាមេរិក)៖ ទីបំផុតក្រុមហ៊ុនទូរគមនាគមន៍ AT&T បានប្រកាសថាខ្លួនបានសម្រេចជាស្ថាព ហើយនូវការទិញយកក្រុមហ៊ុន កម្សាន្តនិងព័ត៌មាន Time Warner ដែលនេះអាចចាត់ទុកបានថា ជាការរួមបញ្ចូលក្រុមហ៊ុនដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយរបស់ស្ថានីយទូរទស្សន៍ CNN នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។
ការសម្រេចការទិញយកខាងលើ បានកើតមានឡើងនៅប្រមាណពីរថ្ងៃក្រោយចៅក្រមសហព័ន្ធលោក រីឆាដ លីអន (Richard Leon) បានអនុញ្ញាតចំពោះកិច្ចព្រមព្រៀងតម្លៃ៨៥ពាន់លានដុល្លាររបស់ក្រុមហ៊ុន AT&T ដែលបានប្រកាសទិញយកក្រុមហ៊ុន Time Warner តាំងតែពីឆ្នាំ២០១៦មកម្ល៉េះ ពោលគឺលោកចៅក្រមបានសម្រេចថា វាពុំបានរំលោភលើច្បាប់ប្រកួតប្រជែងផ្តាច់មុខ ដូចការជំទាស់របស់រដ្ឋាភិបាលអាមេរិកឡើយ។
ជាមួយគ្នានេះ នៅមុនការប្រកាសសម្រេចកិច្ចព្រមព្រៀងទិញក្រុមហ៊ុន Time Warner ក្រសួងយុត្តិធម៌អាមេរិក ក៏បានបញ្ជាក់ដែរថាខ្លួននឹងពុំស្មើឲ្យមានការពន្យាពេលឬក៏ការបញ្ឈប់ការរួមបញ្ចូលនៃក្រុមហ៊ុនដ៏មានឥទ្ធិពលទាំងពីរនេះឡើយ ហើយ AT&T អាចបិទបញ្ចប់កិច្ចព្រមព្រៀងនេះបានភ្លាមៗតែម្តង។
គួរជម្រាបថា កិច្ចព្រមព្រៀងតម្លៃរាប់សិបពាន់លានដុល្លារខាងលើ នឹងរួមបញ្ចូលគ្នានូវប៉ុស្តិ៍ទូរទស្សន៍ក៏ដូចជាកម្មវិធីនិងភាពយន្តល្បីៗរបស់ Time Warner ជាមួយប្រព័ន្ធចែកចាយដ៏អតិថិជនដ៏ធំសម្បើមរបស់ក្រុមហ៊ុន AT&T រួមមានបណ្តាញទូរស័ព្ទចល័ត និងបណ្តាញផ្កាយរណប៕