(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេរាយការណ៍ថា បានផ្តល់ការអនុញ្ញាតដល់គម្រោងដំឡើងពន្ធលើផលិតផលនាំចូលរបស់ចិនគិតជាទំហំទឹកប្រាក់ប្រហែល៥០ពាន់លានដុល្លារ ខណៈទង្វើនេះកាន់តែបង្កឲ្យមានការប្រឈមមុខការដាក់លើវិស័យពាណិជ្ជកម្មថែមទៀត រហូតអាចនឹងបណ្តាលឲ្យមានចំណាត់ការតបតភ្លាមៗពីទីក្រុងប៉េកាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។
បើតាមមន្រ្តីអាមេរិក០៥រូប ដែលបានដឹងលឺពីបញ្ហានេះ រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងរៀបចំបញ្ចេញបញ្ជីដែលបានឆ្លងកាត់ការកែសម្រួលថ្មី ស្តីពីផលិតផលនាំចូលរបស់ចិន ដែលនឹងទទួលរងការដំឡើងពន្ធធ្ងន់ធ្ងរ ដោយវាមានការផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើ បច្ចេកវិទ្យានានា ដែលចិនមានបំណងចង់អភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាអ្នកឈានមុខក្នុងវិស័យទាំងនោះ។ ដោយឡែក កាលពីខែមេសាកន្លងទៅ អាមេរិក បានបញ្ចេញបញ្ជីដើមមុនដំបូង ដែលមានគោលដៅទៅលើផលិតផលនាំចូលប្រមាណ១,៣០០មុខរបស់ចិន ដែលគិតជាតម្លៃស្មើ៥០ពាន់។
បើតាមប្រភពដដែល សហរដ្ឋអាមេរិក ត្រូវគេរំពឹងថានឹងបញ្ចេញបញ្ជីដំឡើងពន្ធលើផលិតផលចិន ដែលត្រូវបានធ្វើបច្ចុប្បន្នភាពរួច នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ហើយបន្ទាប់មកវានឹងត្រូវអនុវត្តន៍ភ្លាមៗ ទោះបីជាពុំមានកាលបរិច្ឆេទកំណត់ច្បាស់ក៏ដោយ។
គួរជម្រាបថា ទាក់ទិននឹងបញ្ហានេះ ចិនក៏ធ្លាប់បានព្រមានថានឹងចាត់វិធានការតបតមកវិញផងដែរ ដោយកាលពីខែមេសាកន្លងទៅ ខ្លួនបានអះអាងថានឹងដំឡើងពន្ធ២៥ភាគរយទៅលើផលិតផលនាំចូលពីអាមេរិកចំនួន១០៦មុខ ដើម្បីឆ្លើយតបនឹងការដំឡើងពន្ធរបស់រដ្ឋាភិបាលលោក ត្រាំ។ ម៉្យាងវិញទៀត ក្នុងខែនេះ ទីក្រុងប៉េកាំង បានបញ្ជាក់ថា កិច្ចប្រឹងប្រែងនិងប្តេជ្ញាទាំងប៉ុន្មាន ដែលត្រូវបានធ្វើឡើងក្នុងកិច្ចចរចា ជាមួយសហរដ្ឋអាមេរិកនាពេលកន្លងមកនេះ នឹងត្រូវបោះបង់ចោលវិញ ប្រសិនបើការគំរាមកំហែងដំឡើងពន្ធ ត្រូវបានអនុវត្តន៍មែននោះ៕