(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងបន្តសង្រ្គាមពាណិជ្ជកម្មរបស់ខ្លួនទៅមុខទៀត តាមរយៈ ការតម្លើងពន្ធបន្ថែមនៅថ្ងៃសុក្រសប្ដាហ៍នេះ លើការនាំចូលផលិត ផលចិនដែលមានតម្លៃរាប់ពាន់លានដុល្លារ៕
២៖ រដ្ឋាភិបាលជប៉ុនកំពុងធ្វើការងារ លើការរៀបចំជំនួបរវាងនាយករដ្ឋមន្ត្រី លោក ស៊ីនហ្សូ អាបេ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយការបង្កើតលទ្ធភាពមួយ ក្នុងនោះរួមមានទាំងការបំពេញដំណើរទស្សនកិច្ចរបស់លោក អាបេ ទៅកាន់ ទីក្រុងព្យុងយ៉ាង នៅអំឡុងខែសីហាខាងមុខនេះ៕
៣៖ ក្រុមអ្នកវិទ្យាសាស្រ្តនៅប្រទេសរុស្ស៊ី ត្រូវគេរាយការណ៍ថា កំពុងធ្វើការអភិវឌ្ឍប្រព័ន្ធកាំភ្លើងឡាស៊ែរថ្មីមួយ ដែលមានសមត្ថភាពបាញ់កម្ទេចសំរាមទីអវកាសនានា ដែលអាចបង្កជាគ្រោះថ្នាក់ផ្សេងៗ៕
៤៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានថ្កោលទោសអ៊ីស្រាអែល ជុំវិញការប្រើប្រាស់កម្លាំងជ្រុសហួសហេតុប្រឆាំងនឹង ជនស៊ីវិលប៉ាឡេស្ទីន ហើយបានស្នើឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) ចេញអនុសាសន៍មួយ លើយន្ដការណ៍ការពារអន្តរជាតិសម្រាប់ប្រជាជនប៉ាឡេស្ទីន៕
៥៖ ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នាព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅកណ្តាលកោះភាគខាងជើង នៃប្រទេសនូវែលសេឡង់ និងបានបណ្តាលឲ្យមនុស្សចំនួន ០៥នាក់ ដែលធ្វើដំណើរនៅលើនោះ រងរបួសធ្ងន់ និងស្រាល៕
៦៖ កែវយឺតអវកាស Fermi ដែលសិក្សាពីរលកវិទ្យុសកម្ម នៃពន្លឺ Gamma-Ray ដ៏ទំនើបជាងគេបំផុតរបស់ទីភ្នាក់ងារអវកាស NASA កំពុងអបអរសាទរគម្រប់ខួប ១០ឆ្នាំរបស់វាស្តីពីការរកឃើញផ្នែកវិទ្យាសាស្រ្តនានា៕