(ប៉េកាំង)៖ នៅទីបំផុតផ្កាយរណប ដែលនឹងត្រូវប្រើប្រាស់សម្រាប់ជាជំនួយដល់ យានរុករកឋានព្រះច័ន្ទ Chang'e «ឆាងអឺ» របស់ចិនបានទទួលជោគជ័យ ក្នុងការជ្រៀតចូលតំបន់គោចរ L2 ពីឋានព្រះច័ន្ទនោះហើយ ក្រោយការពីការបាញ់បង្ហោះវាចេញពីភពផែនដី កាលពីប៉ុន្មានសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨។
បើតាមការបញ្ជាក់ពីរដ្ឋបាលអវកាសជាតិចិន (CNSA) ផ្កាយរណបខាងលើនេះ មានឈ្មោះថា Queqiao (ក្វេកៅ) ឬស្ពានម៉ាកពី (Magpie Bridge) ត្រូវបានបាញ់បង្ហោះចេញពីភពផែនដី កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ហើយពេលនេះវាកំពុងតែនៅតំបន់សំកាំងខ្លួននៅក្នុងរយៈចម្ងាយ ៦៥,០០០គីឡូម៉ែត្រពីឋានព្រះច័ន្ទ (តំបន់ L2 គឺទីតាំងដែលព្រះច័ន្ទស្ថិតនៅ ចំណុចកណ្តាលរវាងផែនដី និង ផ្កាយរណប Queqiao) នៅវេលាម៉ោង ១១៖០៦នាទីព្រឹក ថ្ងៃព្រហស្បតិ៍នេះតែម្តង។
សម្រាប់ផ្កាយរណប Queqiao នេះផងដែរ គឺជាផ្កាយរណបទីមួយសម្រាប់ពិភពលោក នៅក្នុងការគោចរក្នុងរយៈចម្ងាយបែបនេះ ពីឋានព្រះច័ន្ទ ដែលវានឹងត្រួសត្រាយផ្លូវសម្រាប់ អូនឆាងអឺ ក្នុងការរុករកឋានព្រះច័ន្ទនៅថ្ងៃអនាគត នៅផ្នែកមួយចំហៀងទៀតរបស់ឋានព្រះច័ន្ទ ដែលមនុស្សមិនអាចមើលឃើញពីលើផែនដី ហើយក៏ជាលើកដំបូងផងដែរសម្រាប់យានរុករកពីផែនដី ទៅកាន់តំបន់ដែលគ្មានយានណាធ្លាប់ចុះចត និងស្រាវជ្រាវ។
បើនិយាយពីឈ្មោះយាន Chang'e វិញ គឺ វាជារឿងព្រេងនិទានដ៏ល្បីល្បាញមួយនៅប្រទេសចិន ដែលស្ត្រីមួយរូបឈ្មោះ Chang’e (ឆាងអ៊ឺ) បានធ្វើដំណើរទៅរស់នៅឋានព្រះច័ន្ទ ក្រោយពីនាងបានផឹកទឹកផ្តាច់និស្ស័យស្នេហ៍ ទើបនាងអាចក្លាយជាទេពអប្សរ ហោះឡើងទៅរស់នៅក្នុងវិមានមួយលើឋានព្រះច័ន្ទ ដែលអាចស្ថិតនៅក្បែរប្តីរបស់នាង ដែលរស់នៅលើផែនដីនោះជានិច្ច។
ដោយសារតែរឿងព្រេងពីបុរាណរាប់ពាន់ឆ្នាំនេះឡើយ ទើបជម្រុញឲ្យវិស័យអវកាសចិនបច្ចុប្បន្ន មានមហិច្ចតាធំក្នុងការកសាងវិមានយ៉ាងពិតប្រាកដមួយ នៅលើឋានព្រះច័ន្ទ។ នេះបើតាមការអះអាងពីរដ្ឋបាលអវកាសជាតិចិន (CNSA)។ ជាក់ស្តែងគំរោងកសាងមូលដ្ឋានមនុស្ស ដើម្បីស្រាវជ្រាវលើព្រះច័ន្ទ ឬក៏អាចនិយាយបានថា ជាការដាក់អាណានិគមលើព្រះច័ន្ទ ដែលប្រទេសនានាមានសិទ្ធិផងដែរ។
បើតាមអ្វីដែលបានចេញផ្សាយកន្លងមក រដ្ឋបាល CNSA ចង់ប្រាប់ទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកទាំងមូលថា ក្តីស្រមៃនៃរឿងនិទានពីបុរាណ កាន់តែជិតក្លាយជាការពិតហើយ ក៏ព្រោះតែប្រទេសចិនពេលនេះ កំពុងតែបោះជំហានក្នុងស្រាវជ្រាវទីអវកាស។ មុននឹងធ្វើដាក់មូលដ្ឋានរបស់ខ្លួន ដើម្បីបញ្ជូនមនុស្សទៅរស់នៅព្រះច័ន្ទនោះ ចិនត្រូវតែសម្រេចគោលដៅធំមួយទៀតសិន នោះគឺស្ថានីយអវកាសផ្ទាល់ខ្លួននៅឆ្នាំ២០២២។
បើតាមអ្វីដែលទូរទស្សន៍ចិន CCTV បានចេញផ្សាយនោះ សេចក្តីព្រាងដែលត្រូវបានលើកឡើង គឺទីភ្នាក់ងារអវកាសចិនត្រូវធ្វើការសាងសង់បន្ទប់ស្នាក់នៅ និងមន្ទីរពិសោធន៍វិទ្យាសាស្ត្រនៅលើឋានព្រះច័ន្ទ ដែលអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការស្នាក់នៅ និងស្រាវជ្រាវនៅលើផ្ទៃព្រះច័ន្ទបាន មុននឹងឈានទៅដល់ការបង្កើតវិមានដូចក្តីស្រមៃ ហើយប្រាកដណាស់វានឹងចាប់ផ្តើមនៅឆ្នាំ២០៣០។
ទោះបីជាចិនមានមហិច្ចតាធំជាងនេះ គឺការបញ្ជូនយានទៅភពព្រះអង្គារក៏ដោយ ក៏បេសកកម្មនាំមនុស្សទៅឋានព្រះច័ន្ទ នៅតែជាគោលគំនិតស្នូលដែលត្រូវតែសម្រេចឲ្យបាន។ ខណៈខ្លួនជាមហាអំណាចយោធាលំដាប់ទី ៣ លើលោកទៅហើយនោះ ចិនកាលពីឆ្នាំ២០១៣ ក៏បានក្លាយជាប្រទេសទីបីផងដែរ ដែលបានបញ្ជូនយានរុករកដែលមានឈ្មោះថា Chang’e 3 ទៅចុះចតលើឋានព្រះច័ន្ទប្រកបដោយជោគជ័យ។
គួរបញ្ជាក់ថា នៅចុងឆ្នាំ២០១៨នេះ ចិននឹងធ្វើការបាញ់បញ្ជូនយានមួយ ទៅចុះចតនៅផ្នែកមួយចំហៀងទៀត នៃឋានព្រះច័ន្ទ ដែលមនុស្សលើផែនដីមិនអាចមើលឃើញ ជាលើកដំបូង។ ប៉ុន្តែមុននឹងធ្វើបែបនេះបាន ចិនក៏គ្រោងធ្វើការបាញ់បង្ហោះរ៉ុក្កែតនៅក្នុងខែឧសភាខាងមុខ ដោយធ្វើការនាំយកផ្កាយរណបមួយ ទៅកាន់ទីអវកាស ដើម្បីសម្រួលដល់ទំនាក់ទំនងរវាងយាន Chang’e 4 និង យានតូចនៅជាមួយវា៕