(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលឈានចូលវ័យ ៧២ឆ្នាំ ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានត្រឡប់មកគ្រប់គ្រងនយោបាយ នៅទីក្រុងវ៉ាស៊ីនតោនវិញហើយ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចជាប្រវត្តិសាស្ត្រ នៅឯប្រទេសសិង្ហបុរី ដើម្បីបើកកិច្ចជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨។
រំលឹកទៅកាលពីឆ្នាំខែវិច្ឆិកា ឆ្នាំ២០១៦ លោក ត្រាំ គឺជាបេក្ខភាពមានវ័យចំណាស់ជាងគេម្នាក់ ដែលបានជាប់ឆ្នោតឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកដោយមានអាយុ ៧០ឆ្នាំ បើទោះជាធៀបជាមួយលោក រ៉ូណាល់ រីហ្គេន (Ronald Reagan) ដែលបានជាប់ឆ្នោតអាណត្តិទីពីរនៅឆ្នាំ១៩៨៤ នៅពេលមានអាយុ ៧៣ឆ្នាំក៏ដោយ។ សុខភាពរបស់លោក ត្រាំ មានទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តបានក្លាយជាប្រធានបទដ៏សំខាន់ នៅក្នុងសហរដ្ឋអាមេរិក ក្រោយក្រុមអ្នកតំណាងរាស្ត្រអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ ស្នើឱ្យលោកទទួលការត្រួតពិនិត្យផ្នែកសុខភាព។
ប៉ុន្តែនៅក្នុងការត្រួតពិនិត្យសុខភាពកាលពីឆ្នាំខែមករា គ្រូពេទ្យប្រចាំសេតវិមានលោក រ៉ុននី ជែកសុន (Ronny Jackson) បានអះអាងថា លោក ត្រាំ មានសុខភាពល្អប្រសើរ។ បើងាកទៅមើលនយោបាយរបស់ លោក ត្រាំ វិញលោកបានព្យាយាមធ្វើទៅតាមការសន្យាកាលពីអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដូចជាការតម្កល់ប្រយោជន៍អាមេរិកជាធំ, ការកសាងជញ្ជាំងព្រំដែនជាមួយមិចស៊ីកូ ដើម្បីរារាំងជនចំណាកស្រុកខុសច្បាប់, ការដោះស្រាយបញ្ហាកូរ៉េខាងជើង និងអង្គុយតុញុំាអាហារជាមួយលោក គីម ជុងអ៊ុន និងការបង្កើនការងារបន្ថែម ជូនពលរដ្ឋអាមេរិកវិញជាដើម ស្របទៅតាមពាក្យស្លោកថា «ធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត ឬ Make Amercia Great Again»៕