(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយថា សហរដ្ឋអាមេរិកសង្ឃឹមថា កូរ៉េខាងជើងអាចនឹងរំសាយអាវុធនុយក្លេអ៊ែរ មុននឹងការបញ្ចប់អាណត្តិដឹកនាំ នៃប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅខែមករា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨។
ការថ្លែងបែបនេះរបស់ លោក Pompeo ធ្វើឡើងបន្ទាប់ពីជំនួបជាប្រវត្តិសាស្ត្ររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅសិង្ហបុរីកាលពីថ្ងៃអង្គារកន្លងទៅ ជាមួយការចេញសេចក្ដីថ្លែងការណ៍រួម ដោយកូរ៉េខាងជើងយល់ព្រមធ្វើការងារជាមួយសហរដ្ឋអាមេរិក ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង នៅលើឧបទ្វីបកូរ៉េ។ ប៉ុន្តែឯកសារនេះក៏ទទួលរងការរិះគន់ផងដែរ ដោយសារតែវាមិនបានបញ្ជាក់ឱ្យច្បាស់ថា តើពេលណា ឬថាតើទីក្រុងព្យុងយ៉ាង បោះបង់ចោលអាវុធនុយក្លេអ៊ែរយ៉ាងដូចម្ដច។
ដោយឡែក ថ្លែងនៅអំឡុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ ជាទីដែលលោកបានពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងលទ្ធផលកិច្ចប្រជុំ ត្រាំ-គីម លោក Pompeo បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការលុបបំបាត់អាវុធនុយក្លេអ៊ែរ... យើងសង្ឃឹមថា យើងអាចសម្រេចបាននូវវត្ថុបំណងនៅត្រឹម ០២ឆ្នាំកន្លះខាងមុខនេះ (មុនដំណាច់ឆ្នាំ២០២០)»។
តែយ៉ាងណាក៏ដោយ នៅត្រូវបានគេសាកសួរថា តើហេតុអ្វីបានជាសេចក្ដីថ្លែងការណ៍រវាងលោក ត្រាំ និងលោក គីម មិនបានបញ្ជាក់អ្វីលម្អិត? រដ្ឋមន្ត្រីការបរទេសរូបនេះបានចាត់ទុកថា «វាគឺជាសំណួរមានលក្ខណៈប្រមាថ និងគួរឱ្យអស់សំណើច»។
គួរបញ្ជាក់ថា ក្រោយជំនួបជាមួយលោក គីម លោក ដូណាល់ ត្រាំ បានអះអាងថា កូរ៉េខាងជើងលែងក្លាយជាការគំរាមកំហែង ដោយអាវុធនុយក្លេអ៊ែរទៀតហើយដោយចាប់ពីពេលនេះតទៅ អ្នករាល់គ្នានឹងទទួលបានអារម្មណ៍ថា មានសុវត្ថិភាពកាន់តែច្រើន៕