(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងបន្តសង្រ្គាមពាណិជ្ជកម្មរបស់ខ្លួនទៅមុខទៀត តាមរយៈ ការតម្លើងពន្ធបន្ថែមនៅថ្ងៃសុក្រសប្ដាហ៍នេះ លើការនាំចូលផលិត ផលចិនដែលមានតម្លៃរាប់ពាន់លានដុល្លារ។ នេះបើតាម Wall Street Journals ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមសារព័ត៌មានអាមេរិក Wall Street Journals ក្រុមមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រសួងរតនាគារជាតិអាមេរិក បានជួបគ្នាកាលពីសប្ដាហ៍មុន ដើម្បីពិភាក្សាគ្នាលើបញ្ហានេះ និងបានឯកភាពបន្តអនុវត្តន៍ការតម្លើងពន្ធ លើការនាំចូលផលិតផលពីចិន។ ប៉ុន្តែទន្ទឹមគ្នា សកម្មភាពបែបនេះ ត្រូវបានគេរំពឹងថា នឹងទទួលប្រតិកម្មឆ្លើយយ៉ាងខ្លាំងពីសំណាក់ទីក្រុងប៉េកាំង។
ទោះបីជាយ៉ាងនេះក្ដី Wall Street Journals បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនទាន់ធ្វើការសម្រេចចិត្តណាមួយចុងក្រោយនៅឡើយទេ ដោយសារតែលោកត្រូវការជំនួយពីចិនក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា ភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក បានផ្ទុះឡើង បន្ទាប់ពីលោក ត្រាំ បានប្រកាសតម្លើងពន្ធលើការនាំចូលផលិតផលពីចិន ហើយព្រមានបន្តពន្យារពេលការតម្លើងពន្ធនេះ៕