(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានឯកភាពបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ជាក់ច្បាស់ និងមិនត្រឡប់មកវិញសាជាថ្មី ឬហៅថា (CVID)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨។
លោក ប៉ុមប៉េអូ ធ្វើការកត់សម្គាល់បែបនេះ នៅអំឡុងធ្វើសន្និសីទសារព័ត៌មាន តាមកញ្ចក់ទូរទស្សន៍ក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីជំនួប ជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូងរបស់លោក។ លើសពីនេះទៅទៀត ថ្លែងនាឱកាសរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ ក៏បានបញ្ជាក់ជាថ្មីឡើងវិញដែរថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន នៅតែរក្សាជំហរដដែលនោះ គឺគ្មានឡើយការដក ឬបន្ធូរបន្ថយ ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង រហូតទាល់តែទីក្រុងព្យុងយ៉ាង រំសាយអាវុធនុយក្លេអ៊ែរចោលទាំងស្រុងជាមុនសិន។
គួរជម្រាបថា បើតាមស្ថានីយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA នៅក្នុងជំនួបជាមួយលោក គីម នៅក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានយល់ព្រមដកទណ្ឌកម្មសេដ្ឋកិច្ចពីកូរ៉េខាងជើង ជាមួយការធានាសន្ដិសុខ ជាថ្នូរ នឹងការលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េ៕