(ម៉ាឌីវ)៖ តុលាការព្រហ្មទណ្ឌនៃដែនដីកោះម៉ាល់ឌីវ នៅថ្ងៃពុធសប្ដាហ៍នេះ បានសម្រេចផ្តន្ទាទោសអតីតប្រធានាធិបតីម៉ាល់ឌីវ លោក ម៉ាវមូន អាប់ឌុល ហ្គេយូម (Maumoon Abdul Gayoom) ដាក់ពន្ធនាគារ ១៩ខែ បន្ទាប់ពីបានរកឃើញថា លោកបានបង្កឧបសគ្គដល់ការស្វែងយុត្តិធម៌របស់តុលាការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨។
ជាមួយគ្នានោះប្រធាននៃអង្គចៅក្រម លោក អាប់ឌុលឡា សាអ៊ីដ (Abdulla Saeed) និងចៅក្រម លោក អាលី ហាមីដ (Ali Hameed) ក៏ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធ នាគារផងដែរ។ អ្នកទាំងបីត្រូវបានចោទប្រកាន់ថា បានបដិសេធប្រគល់ទូរស័ព្ទដៃរបស់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត។
គួរបញ្ជាក់ថា លោក Gayoom ត្រូវបានគេចាប់ខ្លួននៅផ្ទះរបស់នៅក្នុងទីក្រុង ម៉ាល់ (Male) កាលពីខែកុម្ភៈ ពីបទរៀបចំគំរោងផ្ដួលរំលំរដ្ឋាភិបាល ខណៈកូនប្រសារប្រុសរបស់លោក ក៏ត្រូវបានចាប់ខ្លួនរួមជាមួយលោកផងដែរ៕