(អាមេរិក)៖ កែវយឺតអវកាស Fermi ដែលសិក្សាពីរលកវិទ្យុសកម្ម នៃពន្លឺ Gamma-Ray ដ៏ទំនើបជាងគេបំផុតរបស់ទីភ្នាក់ងារអវកាស NASA កំពុងអបអរសាទរគម្រប់ខួប ១០ឆ្នាំរបស់វាស្តីពីការរកឃើញផ្នែកវិទ្យាសាស្រ្តនានា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨។
កែវយឺតអវកាសដែលមានតម្លៃ ៦៩០លានដុល្លារនេះ ត្រូវបានបាញ់ចេញពីមូលដ្ឋានទ័ពអាកាសនៅ Cape Canaveral នៃរដ្ឋផ្លូរីដា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៨ ក្នុងបេសកកម្មមួយ ដើម្បីទៅសិក្សាអំពីរលកវិទ្យុសកម្ម នៃពន្លឺ Gamma-Ray ដែលជាទម្រង់ពន្លឺដ៏មានថាមពលខ្ពស់បំផុត នៅក្នុងចក្រវាឡយើងនេះ ហើយក៏មិនទាន់មានការបកស្រាយឲ្យទូលំទូលាយ និងច្បាស់លាស់នៅឡើយនោះដែរ។
គួរជម្រាបថា រលកវិទ្យុ Gamma-Ray មិនអាចមើលឃើញដោយភ្នែកទទេរបស់មនុស្សឡើយ ប៉ុន្តែកែវយឺតអវកាសដូចជា Fermi អនុញ្ញាតឲ្យក្រុមតារាវិទូមើលឃើញពន្លឺប្រភេទនេះ ដែលមានផ្ទុកនូវតំរុយអំពីប្រហោងខ្មៅ (Black Hole), ផ្កាយណឺត្រុង, និងប្រភពអាថ៌កំបាំងជាច្រើនទៀត ដែលទាក់ទិននឹងរលកវិទ្យុមានថាមពលខ្ពស់ៗ ដែលត្រូវបានជះមកដល់ប្រព័ន្ធព្រះអាទិត្យយើងនេះ។
ការសិក្សាអំពីតំរុយពន្លឺខាងលើនេះពិតជារឿងសំខាន់ ព្រោះវាអនុញ្ញាតឲ្យក្រុមតារាវិទូធ្វើការវិភាគអំពីទម្រង់នៃពន្លឺនោះ និងអាយុកាលរបស់វា ទើបអាចធ្វើការគណនាអំពីកំណកំណើតដំបូងនៃចក្រវាឡទាំងមូលផងដែរ៕