ធ្លាក់ឧទ្ធម្ភាគចក្រនៅនូវែលសេឡង់ បង្កឲ្យមនុស្សជិះនៅលើនោះទាំងអស់រងរបួស!
14-06-2018 10:34
(វែលលីងតោន)៖ ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នាព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅកណ្តាលកោះភាគខាងជើង នៃប្រទេសនូវែលសេឡង់ និងបានបណ្តាលឲ្យមនុស្សចំនួន ០៥នាក់ ដែលធ្វើដំណើរនៅលើនោះ រងរបួសធ្ងន់ និងស្រាល។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨។
បើតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលនូវែលសេឡង់ ឧទ្ធម្ភាគចក្រខាងលើបានធ្លាក់នាវេលាម៉ោង ០៩៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ពេលវេលាក្នុងតំបន់) នៅចម្ងាយប្រហែល ៣៥គីឡូម៉ែត្រ ភាគអាគ្នេយ៍ក្រុង វ៉ៃអ៊ួរូ (Waiouru) លើកោះធំភាគខាងជើង (North Island) ខណៈមនុស្សទាំង ០៥នាក់នៅលើនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ តាមរយៈឧទ្ធម្ភាគចក្រសង្រ្គោះ ០៣គ្រឿងផ្សេងទៀត។
គួរជម្រាបថា ខណៈពេលនេះស្ថានភាពជាក់លាក់របស់អ្នករបួសទាំង ០៥នាក់ ពុំទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ស្របពេលដែលគណៈកម្មការស៊ើបអង្កេតគ្រោះថ្នាក់វិស័យដឹកជញ្ជូន កំពុងបើកការស៊ើបអង្កេតយ៉ាងដិតដល់ ជុំវិញហេតុការណ៍នេះ៕