(ម៉ូស្គូ)៖ សហព័ន្ធកីឡាបាល់ទាត់ប្រចាំប្រទេសអេស្ប៉ាញ (RFEF) បានសម្រេចបណ្តេញគ្រូបង្វឹកបង្គោល លោក Julen Lopetegui ចេញពីតំណែងជាផ្លូវការហើយ មុនប៉ះក្រុមជើងឯកអឺរ៉ុប ព័រទុហ្គាល់នៅថ្ងៃទី១៦ ខែមិថុនាក្នុងព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី។
អេស្ប៉ាញ បានក្លាយជាប្រទេសទី១ (ក្រុមទី១) ដែលបានបញ្ឈប់តួនាទីគ្រូបង្វឹក នៅមុន World Cup 2018 លើកទី២១ នៅប្រទេសរុស្ស៊ីចាប់ផ្តើម និងតែងតាំងលោក Fernando Hierro ជាគ្រូបង្វឹកថ្មីចូលដឹកនាំបន្តប្រកួតនៅ World Cup 2018 ទាំងស្រុង ក្នុងនាមជាក្រុមស្ថិតក្នុងពូល B ជាមួយ៣ប្រទេសផ្សេងទៀតរួមមាន ព័រទុយហ្គាល់ ម៉ារ៉ុក និងអ៊ីរ៉ង់។
យោងតាមសេចក្តីថ្លែងការណ៍របស់ RFEF ដែលត្រូវបានដកស្រង់ដោយ BBC បានចេញផ្សាយថា «គ្រូបង្វឹក វ័យ៥១ឆ្នាំ Lopetegui បានលួចទៅចុះកិច្ចសន្យាស្ងាត់ៗជាមួយនឹងក្លឹបអាជីព Real Madrid ដោយពុំបានជូនដំណឹង ទៅសហព័ន្ធឡើយ»។
សេចក្តីសម្រេចខាងលើនេះ ត្រូវបានធ្វើឡើងតែ២ថ្ងៃប៉ុណ្ណោះ ក្រោយពេលគ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះបានព្រមព្រៀងចុះកិច្ចសន្យាដឹកនាំ Real Madrid រយៈពេល ៣ឆ្នាំ និងមុន១ថ្ងៃ មុនពេលម្ចាស់ជើងឯក World Cup ឆ្នាំ២០១០ អេស្ប៉ាញ ជួបប្រកួតទល់នឹងម្ចាស់ពាន Euro 2016 ព័រទុយហ្គាល់នៅថ្ងៃទី១៦ ខែមិថុនា នៅ World Cup 2018 វគ្គជម្រុះសន្សំពិន្ទុប្រចាំពូល B៕