(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយថា សហរដ្ឋអាមេរិកសង្ឃឹមថា កូរ៉េខាងជើងអាចនឹងរំសាយអាវុធនុយក្លេអ៊ែរនៅតឹ្រមដំណាច់ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨។
ការថ្លែងបែបនេះរបស់ លោក Pompeo ធ្វើឡើងបន្ទាប់ពីជំនួបជាប្រវត្តិសាស្ត្ររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅសិង្ហបុរីកាលពីថ្ងៃអង្គារកន្លងទៅ ជាមួយការចេញសេចក្ដីថ្លែងការណ៍រួម ដោយកូរ៉េខាងជើងយល់ព្រមធ្វើការងារជាមួយសហរដ្ឋអាមេរិកដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង នៅលើឧបទ្វីបកូរ៉េ។ ប៉ុន្តែឯកសារនេះ ក៏ទទួលរងការរិះគន់ផងដែរ ដោយសារតែវាមិនបានបញ្ជាក់ឱ្យច្បាស់ថា តើពេលណា ឬថាតើទីក្រុងព្យុងយ៉ាង បោះបង់ចោលអាវុធនុយក្លេអ៊ែរដូចម្ដច។
ដោយឡែក ថ្លែងនៅអំឡុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ ជាទីដែលលោកបានពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងលទ្ធផលកិច្ចប្រជុំ ត្រាំ-គីម លោក Pompeo បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការលុបបំបាត់អាវុធនុយក្លេអ៊ែរ... យើងសង្ឃឹមថា យើងអាចសម្រេចបាននូវវត្ថុបំណងនៅត្រឹម ០២ឆ្នាំកន្លះខាងមុខនេះ (ឆ្នាំ២០២០)»។
តែយ៉ាងណាក៏ដោយ នៅត្រូវបានគេសាកសួរថា តើហេតុអ្វីបានជាសេចក្ដីថ្លែងការណ៍រវាងលោក ត្រាំ និងលោក គីម មិនបានបញ្ជាក់អ្វីលម្អិត? រដ្ឋមន្ត្រីការបរទេសរូបនេះបានចាត់ទុកថា «វាគឺជាសំណួរមានលក្ខណៈប្រមាថ និងគួរឱ្យអស់សំណើច»។
គួរបញ្ជាក់ថា ក្រោយជំនួបជាមួយលោក គីម លោក ដូណាល់ ត្រាំ បានអះអាងថា កូរ៉េខាងជើងលែងក្លាយជាការគំរាមកំហែង ដោយអាវុធនុយក្លេអ៊ែរទៀតហើយដោយចាប់ពីពេលនេះតទៅ អ្នករាល់គ្នានឹងទទួលបានអារម្មណ៍ថា មានសុវត្ថិភាពកាន់តែច្រើន៕