(ញូអិន)៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានថ្កោលទោសអ៊ីស្រាអែល ជុំវិញការប្រើប្រាស់កម្លាំងជ្រុសហួសហេតុប្រឆាំងនឹង ជនស៊ីវិលប៉ាឡេស្ទីន ហើយបានស្នើឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) ចេញអនុសាសន៍មួយ លើយន្ដការណ៍ការពារអន្តរជាតិសម្រាប់ប្រជាជនប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨។
នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូយ៉ក) មហាសន្និបាត UN បានអនុម័តលើដំណោះស្រាយមួយក្នុងសំឡេងគាំទ្រ ១២០, ជំទាស់ ០៨ និង ៤៥ទៀត អនុប្បវាទ។ ដំណោះស្រាយនេះ ត្រូវបានដាក់ជូនមហាសន្និបាតដោយប្រទេសអាល់ហ្សេរី តួកគី និងប៉ាឡេស្ទីន បន្ទាប់ពីសហរដ្ឋអាមេរិកបោះឆ្នោតវ៉េតូលើដំណោះស្រាយដូចគ្នានេះ នៅឯក្រុមប្រឹក្សាសន្តិសុខ UN កាលពីដើមខែកន្លងទៅ។ ម្យ៉ាងវិញទៀត នៅក្នុងដំណោះស្រាយខាងលើ មហាសន្និបាតក៏បានថ្កោលទោសផងដែរ លើការបាញ់គ្រាប់រ៉ុក្កែតចេញពី តំបន់ហ្គាហ្សាតម្រង់មកកាន់ទឹកដីអ៊ីស្រាអែល ប៉ុន្តែមិនបានលើឈ្មោះក្រុមហាម៉ាស់ប៉ាឡេស្ទីនឡើយ។
គួរបញ្ជាក់ថា គិតចាប់តាំងពីផ្ទុះការតវ៉ានៅឯតំបន់ហ្គាហ្សា ប្រឆាំងនឹងការប្ដូរស្ថានទូតអាមេរិក ពីទីក្រុងតែលអាវីល ទៅកាន់ទីក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃទី១៤ ខែមីនាមកប្រជាជនប៉ាឡេស្ទីនច្រើនជាង ១២០នាក់ បានស្លាប់ដោយសារគ្រាប់កាំភ្លើងរបស់ទាហានអ៊ីស្រាអែល។ ចំណែកឯអង្គការសហប្រជាជាតិ បានកោះប្រជុំជាច្រើនដង តែមិនមានលទ្ធផលអ្វីជាដុំកុំភួននោះទេ ដោយសារតែសហរដ្ឋអាមេរិកប្រើសិទ្ធិវ៉េតូ ជំទាស់នឹងដំណោះស្រាយប្រឆាំងនឹងអ៊ីស្រាអែល៕