(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនកំពុងធ្វើការងារ លើការរៀបចំជំនួបរវាងនាយករដ្ឋមន្ត្រី លោក ស៊ីនហ្សូ អាបេ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយការបង្កើតលទ្ធភាពមួយ ក្នុងនោះរួមមានទាំងការបំពេញដំណើរទស្សនកិច្ចរបស់លោក អាបេ ទៅកាន់ ទីក្រុងព្យុងយ៉ាង នៅអំឡុងខែសីហាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន Yomiuri នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨។
ដោយផ្អែកលើប្រភពជាច្រើននៅក្នុងជួររដ្ឋាភិបាលជប៉ុន សារព័ត៌មាន Yomiuri បានបញ្ជាក់ទៀតថា ក្រុមមន្ត្រីជប៉ុន និងកូរ៉េខាងជើងបានទាក់ទងគ្នាជាច្រើនដងនាពេលថ្មីៗនេះ ដើម្បីបើកកិច្ចចរចាស្ដីពីលទ្ធភាព រៀបចំជំនួបរវាងមេដឹកនាំនៃប្រទេសទាំងពីរ។ បន្ថែមពីលើនេះ Yomiuri ក៏បានឱ្យដឹងដែរថា បើសិនជាដំណើរទស្សនកិច្ចរបស់លោក អាបេ ទៅកាន់ទីក្រុងព្យុងយ៉ាងមិនអាចធ្វើទៅរួចជប៉ុន នឹងសម្លឹងមើលលើសេណារីយ៉ូផ្សេងទៀត សម្រាប់ជំនួប អាបេ-គីម នៅក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចខាងកើត ដែលគ្រោងនឹងប្រព្រឹត្ត ទៅនៅខែកញ្ញាខាងមុខនេះ ក្នុងទីក្រុង វ្ល៉ាឌីវ៉ូស្តូក (Vladivostok) ប្រទេសរុស្ស៊ី ក្នុងករណីលោក គីម ជុងអ៊ុន ចូលរួមក្នុងកិច្ចប្រជុំនេះដែរ។
តែយ៉ាងណាក៏ដោយ មកទល់ពេលនេះខាងរដ្ឋាភិបាលជប៉ុន មិនទាន់ទទួលស្គាល់សេចក្ដីរាយការណ៍នេះទេ ខណៈគេក៏មិនទាន់ដឹង ច្បាស់នៅឡើយដែរថា លោក អាបេ នឹងចូលរួមក្នុងកិច្ចប្រជុំនៅឯទីក្រុង Vladivostok នៅខែកញ្ញា ឬក៏យ៉ាងណា នៅពេលដែល គណបក្សសេរីប្រជាធិបតេយ្យរបស់លោកត្រូវរៀបចំការប្រកួតប្រជែង ជ្រើសរើសថ្នាក់ដឹកនាំថ្មី៕