(ម៉ូស្គូ)៖ ឆ្លងកាត់ព្រឹត្តិការណ៍ World Cup បានចំនួន ២០សម័យមកនេះ ក្រុមបាល់ទាត់របស់ប្រទេសម្ចាស់ផ្ទះនីមួយៗ មិនដែលបរាជ័យនៅថ្ងៃបើកឆាកឡើយ អស់ណាស់ក៏ត្រឹមស្មើដែរ តែមកដល់ជំនាន់រុស្ស៊ី ដែលជាម្ចាស់ផ្ទះជំនាន់ទី២១ ដែលត្រូវប្រកួតបើកឆាក ប៉ះអារ៉ាប៊ីសាអូឌីទ នាម៉ោង ២២៖០០នាទីយប់ស្អែកនេះ (ម៉ោងនៅកម្ពុជា) ក្នុងពូល A។
ការប្រកួតរវាងក្រុមរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត នឹងត្រូវបាននៅពហុកីឡដ្ឋាន Luhzniki ដែលអាចផ្ទុកអ្នកទស្សនាបាន ប្រមាណ ៨០០០០នាក់ ស្ថិតក្នុងទីក្រុង Moscow ជាទីដែល World Cup 2018 បើកសម្ភោធជាផ្លូវការ។
តាមរយៈគេហទំព័រកីឡា Sportskeeda បានចេញផ្សាយថា រវាងរុស្ស៊ី និងអារ៉ាប៊ីសាអូឌីតធ្លាប់ជួបគ្នាតែម្តងគត់នៅក្នុង ជំនួបមិត្តភាពអន្តរជាតិកាលពីឆ្នាំ១៩៩៣ ដោយកាលនោះ រុស្ស៊ីបានចាញ់អារ៉ាប៊ីសាអូឌីត ៤-២ និងជួបគ្នាផ្លូវការ ក្នុងពាន World Cup 2018 ដែលនឹងចាប់ផ្តើមនាម៉ោង ២២៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនាស្អែកនេះ។
រុស្ស៊ី ជាក្រុមដែលមានចំណាត់ថ្នាក់ស្ថិតក្នុងលេខរៀងទី៧០ ខណៈដែលអារ៉ាប៊ីសាអូឌីត ស្ថិតនៅលេខ៦៧ នៃ FIFA Ranking ក្នុងនាមជាក្រុមដែលមិនធ្លាប់ឈ្នះពាន World Cup និងរងជើងឯកដូចគ្នា។
ខ្សែប្រយុទ្ធ Fedor Smolov ពាក់ស្លាកលេខ៩ ជាកីឡាករសំខាន់របស់រុស្ស៊ី ដែលត្រូវបានជ្រើសរើសចេញពីក្លឹបអាជីព Krasnodar លេងក្នុងលីគកំពូលរុស្ស៊ីតែម្តងជាមួយនឹងប្រព័ន្ធលេងរៀប ៤-២-៣-១ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Stanislav Cherchesov ខណៈអារ៉ាប៊ីសាអូឌីត អាចរៀបប្រព័ន្ធលេង ៤-១-៤-១ ដែលមានកីឡាករសំខាន់ Al Sahlawi ពាក់លេខ១០ ដែលកំពុងលេងឲ្យក្លឹប Al-Nassr ក្រោមការដឹកនាំរបស់គ្រូបង្វឹក Juan Antonio Pizzi ដែលទើបចូលដឹកនាំបាន ៧ខែប៉ុណ្ណោះ៕