(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីតួកគីលោក រ៉េសិប តាយយីប អឺដូហ្គាន់ បាននិយាយថា រដ្ឋាភិបាលទីក្រុងអង់ការ៉ា នឹងប្រសើរប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលទិញពីប្រទេសរុស្ស៊ី ប្រសិនបើវាចាំបាច់ ហើយក៏មិនមែនទិញវាដើម្បីតែទុកចោលនៅក្នុងឃ្លាំងសព្វាវុធនោះដែរ៕
២៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងមកបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងថ្ងៃព្រហស្បតិ៍ស្អែកនេះ តបតាមការអញ្ជើញដោយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី៕
៣៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក អ៊ីតស៊ូណូរី អូណូឌែរ៉ា (Itsunori Onodera) បានសម្តែងក្តីព្រួយបារម្ភអំពីចេតនារបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបញ្ឈប់ការធ្វើសមយុទ្ធយោធារួម ជាមួយកូរ៉េខាងត្បូង៕
៤៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសើរលោក គីម ជុងអ៊ុន ថាជាបុរសខ្លាំង ឆ្លាត និងជាអ្នកចរចាដ៏អស្ចារ្យម្នាក់។ ប៉ុន្តែព្រមពេលជាមួយ លោកក៏បានអួតផងដែរថា វោហាស័ព្ទរបស់លោកវាយប្រហារលើលោក គីម បានដំណើរការយ៉ាងរលូន រហូតដល់មានជំនួបកំពូល ត្រាំ-គីម៕
៥៖ អង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះ បានកត់សម្គាល់ថា ចិនបានដើរតួនាទីយ៉ាងសំខាន់ និងប្រកបដោយភាពវិជ្ជមាន ទាក់ទិននឹងស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ៕
៦៖ រដ្ឋាភិបាលវៀតណាមកំពុងតែរៀបចំក្រុមជំនាញ ក្នុងការចុះទៅស្រង់យកកំនប់ជាវត្ថុមានតម្លៃជាច្រើន ពីក្នុងសំពៅបុរាណចិនមួយគ្រឿង ដែលបានលិចកាលពីសម័យរាជវង្សមីង (Ming) នៃសតវត្សរ៍ទី១៦ នៅក្នុងទឹកសមុទ្រជាប់ខេត្ត ក្វាងង៉ៃ (Quang Ngai) ភាគកណ្តាលប្រទេសវៀតណាម៕