(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងទទួលជួបពិភាក្សាជាមួយប្រធានសភាជាន់ខ្ពស់កូរ៉េខាងជើង លោក គីម យ៉ុងណាំ នាថ្ងៃព្រហស្បតិ៍ស្អែកនេះ។ នេះបើតាមសម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៊ី TASS នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។
លោក Peskov បានឲ្យដឹងយ៉ាងដូច្នេះថា «ប្រធានសភាជាន់ខ្ពស់នៃប្រទេសកូរ៉េខាងជើង លោក គីម យ៉ុងណាំ នឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន»។ ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ក៏បានរាយការណ៍ឲ្យដឹងពីគម្រោងរបស់លោក គីម យ៉ុងណាំ មកធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីផងដែរ និងដើម្បីចូលរួមការពិធីបើកការប្រកួត ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018។
គួរជម្រាបថា ព្រឹត្តការណ៍កីឡាអន្តរជាតិបួនឆ្នាំមានម្តង ដ៏ពេញនិយមទូទាំងពិភពលោកនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ខែមិថុនា ស្អែកនេះរហូតដល់ថ្ងៃទី១៥ ខែកក្កដាខាងមុខ នៅឯពហុកីឡដ្ឋានចំនួន ១២កន្លែង ក្នុងទីក្រុងចំនួន ១១ របស់សហព័ន្ធរុស្ស៊ី។ សម្រាប់ព្រឹត្តិការណ៍បើក FIFA World Cup 2018 នឹងប្រារព្ធឡើងនៅពហុកីឡដ្ឋាន Luzhniki នៅថ្ងៃស្អែកនេះ នៅមុនជំនួបប្រកួតបើកព្រឹត្តិការណ៍រវាងក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត៕