រដ្ឋាភិបាលបារាំង៖ ការប្តេជ្ញារំសាយនុយក្លេអ៊ែរដោយកូរ៉េខាងជើង គឺជារឿងល្អ ប៉ុន្តែអ្វីដែលសំខាន់នោះ មិនគ្រាន់តែជាការសន្យាឡើយ...
13-06-2018 16:02
(ប៉ារីស)៖ ការប្ដេជ្ញាចិត្តរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាព័ត៌មានល្អ ប៉ុន្តែចេតនាក្នុងការអនុវត្ត គួរតែត្រូវបានបញ្ជាក់ឱ្យច្បាស់។ នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់-អ៊ីវ ឡឺ ទ្រីយ៉ុង (Jean-Yves Le Drian) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃពុធនេះ លោករដ្ឋមន្ត្រីការបរទេសបារំាង បានលើកឡើងយ៉ាងដូច្នេះថា «វាគឺជាព័ត៌មានល្អ។ ប៉ុន្តែវាក៏ត្រូវតែធ្វើឱ្យប្រាកដផងដែរថា គោលការណ៍នៃការរំសាយអាវុធនុយក្លេអ៊ែរ ដែលត្រូវបានប្រកាសក្រោយកិច្ចប្រជុំកំពូល គួរតែត្រូវបានបញ្ជាក់ឱ្យច្បាស់ និងមិនអាចប្រកែកបាន»។
លោក Le Drian ក៏បានបន្ថែមដែរថា ការព្រមព្រៀងគ្នាគឺជាសញ្ញាមួយយ៉ាងច្បាស់នៃភាពជឿនលឿន តែយ៉ាងណាលោកកត់សម្គាល់ដដែលថា ទីក្រុងព្យុងយ៉ាងធ្លាប់បានបង្ហាញការប្ដេជ្ញាចិត្ត លុបបំបាត់រួចមកហើយ តែចុងក្រោយគ្មានលទ្ធផលជាដុំកុំភួនអ្វីនោះទេ មានតែការបង្កើនការអភិវឌ្ឍអាវុធនយក្លេអ៊ែរលើសដើម។
គួររំលឹកថា នៅអំឡុងកិច្ចប្រជុំកំពូលកាលពីថ្ងៃអង្គារ ក្នុងប្រទេសសិង្ហបុរី លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានសន្យាថា នឹងធ្វើការងាររួមគ្នាដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ជាមួយការធានាសន្តិសុខជូនរបបដឹកនាំទីក្រុងព្យុងយ៉ាង ពីសំណាក់សហរដ្ឋអាមេរិក។ តែយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិករូបនេះ នៅតែបញ្ជាក់ថា គ្មានឡើយការដកទណ្ឌកម្ម ទាល់តែ កូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងជាមុនសិន៕