(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក អ៊ីតស៊ូណូរី អូណូឌែរ៉ា (Itsunori Onodera) បានសម្តែងក្តីព្រួយបារម្ភអំពីចេតនារបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបញ្ឈប់ការធ្វើសមយុទ្ធយោធារួម ជាមួយកូរ៉េខាងត្បូង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។
ដោយមានក្តីកង្វល់អំពីគម្រោងរបស់ លោក ត្រាំ ក្នុងការបញ្ឈប់ការធ្វើសមយុទ្ធជាមួយទីក្រុងសេអ៊ូល លោក Onodera បានលើកឡើងថា «សមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង និងវត្តមានកងទ័ពអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសន្តិសុខ នៃតំបន់អាស៊ីខាងកើត ហើយការដោះស្រាយបញ្ហា នៃអាវុធនុយក្លេអ៊ែរ មីស៊ីល និងការចាប់ជម្រិត គឺជាគោលដៅចុងក្រោយរបស់យើង ដែលយើងចង់ស្នើឲ្យកូរ៉េខាងជើង ធ្វើការផ្លាស់ប្តូរគោលនយោបាយ នៅក្នុងរបៀបដែលអាចមើលឃើញជាក់ស្តែង»។ បើតាមលោក Onodera ជប៉ុននឹងនៅតែបន្តរក្សាការដាក់សម្ពាធទៅលើកូរ៉េខាងជើង។
គួរជម្រាបថា ថ្លែងក្នុងសន្និសីទសារព័ត៌មាន និងនៅក្នុងការផ្តល់បទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fox News នៅក្រោយការបើកកិច្ចប្រជុំកំពូល ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីម្សិលមិញនៅសិង្ហបុរី លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ខណៈដែលការធ្វើយ៉ាងដូច្នោះ នឹងជួយសន្សំសំចៃថវិកាបានយ៉ាងច្រើន ហើយនៅទីបំផុតនោះ កងទ័ពអាមេរិកនៅកូរ៉េខាងត្បូង នឹងអាចត្រូវដកឲ្យត្រឡប់មកប្រទេសកំណើតវិញថែមទៀតផង។
បើគិតពីវត្តមានយោធារបស់អាមេរិកនៅកូរ៉េខាងត្បូង ត្រូវបានអ្នកវិភាគយុទ្ធសាស្ត្រមើលឃើញថា មិនមែនដើម្បីតែសម្រាប់ត្រៀមទប់ទល់ នឹងកូរ៉េខាងជើងជាចម្បងនោះឡើយ ប៉ុន្តែចិនគឺប្រទេសយក្សមួយ ដែលកំពុងបង្កើនឥទ្ធិពលខ្លាំងឡើងៗ នៅចំពោះប្រទេសសម្ព័ន្ធមិត្តអាមេរិកទាំងពីរនេះតែម្តង ហេតុដូច្នេះការថមថយឥទ្ធិពលយោធាអាមេរិកនៅកូរ៉េខាងត្បូង ក៏ជាផលអវិជ្ជមានខ្លាំងចំពោះជប៉ុនខ្លាំងផងដែរ៕