(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក រ៉េសិប តាយយីប អឺដូហ្គាន់ បាននិយាយថា រដ្ឋាភិបាលទីក្រុងអង់ការ៉ា នឹងប្រសើរប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលទិញពីប្រទេសរុស្ស៊ី ប្រសិនបើវាចាំបាច់ ហើយក៏មិនមែនទិញវាដើម្បីតែទុកចោលនៅក្នុងឃ្លាំងសព្វាវុធនោះដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ TGRT នៃប្រទេសតួកគី លោក អឺដូហ្គាន់ បានបញ្ជាក់ច្បាស់ៗយ៉ាងដូច្នេះថា «យើងបានទិញពួកវាទាំងនោះ (ប្រព័ន្ធ S-400) មិនមែនដើម្បីតម្កល់ទុកក្នុងឃ្លាំងនោះទេ។ ពួកវានឹងត្រូវយកទៅប្រើប្រាស់ នៅពេលវេលាណាមួយដែលចាំបាច់។ តើយើងត្រូវធ្វើដូចម្តេចទៅចំពោះអាវុធប្រភេទនេះ បើយើងទិញពួកវាមកហើយ បែរជាមិនយកទៅប្រើប្រាស់នោះ?»។
គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០១៧ ប្រទេសតួកគី និងរុស្ស៊ីបានចុះកិច្ចព្រមព្រៀងទិញលក់ ផលិតផលប្រព័ន្ធការពារដែនអាកាស S-400 ដោយក្នុងនោះប្រព័ន្ធផ្ទុកថាមពលពីរគ្រឿងរបស់ S-400 នឹងត្រូវដាក់ឲ្យដំណើរការ ដោយយោធាតួកគី។ បន្ថែមពីនេះកាលពីខែមេសាកន្លងទៅ រោងចក្រផលិតសព្វាវុធរុស្ស៊ីបានផ្តល់ដំណឹងឲ្យទីក្រុងអង់ការ៉ាដឹងថា ខ្លួនបានចាប់ផ្តើមផលិត S-400 សម្រាប់តួកគីហើយ។
សម្រាប់គំរោងទិញ S-400 ខាងលើនេះ បានធ្វើឲ្យតួកគីមើលមុខកាន់តែលែងត្រង់ ជាមួយនឹងសហរដ្ឋអាមេរិក ខណៈអាមេរិកក៏ធ្លាប់បានព្រមានញយដងមកហើយដែរថា នឹងដាក់ទណ្ឌកម្មប្រទេសមួយចំនួន ដែលហ៊ានទិញប្រព័ន្ធ S-400 ពីរុស្ស៊ី ក្នុងនោះប្រទេសឥណ្ឌា តួកគី និងកាតា កំពុងស្ថិតនៅក្នុងមុខសញ្ញាមុនគេ ខណៈប្រទេសទាំងបីនេះ កំពុងដំណើររកទិញ S-400 ពីរុស្ស៊ី៕