(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងមកបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងថ្ងៃព្រហស្បតិ៍ស្អែកនេះ តបតាមការអញ្ជើញដោយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ ដកស្រង់សេចក្តីប្រកាសរបស់ក្រសួងការបរទេសចិននៅរសៀលថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។
បើតាមសេចក្តីប្រកាសខាងលើនេះ ការមកបំពេញទស្សនកិច្ចនៅប្រទេសចិន ពីសំណាក់មន្ត្រីជាន់ខ្ពស់អាមេរិក គឺស្ថិតនៅក្នុងគោលដៅផ្លាស់ប្តូរទស្សនគ្នាទៅវិញទៅមក អំពីទំនាក់ទំនងទ្វេភាគីរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ ព្រមទាំងបញ្ហាថ្នាក់តំបន់ និងអន្តរជាតិមួយចំនួនទៀត ដែលចិន និងអាមេរិកបាននិងកំពុងដើរតួនាទីសំខាន់ ដូចគ្នាក្នុងការដោះស្រាយ។
គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោក ម៉ៃក៍ ប៉ុមប៉េអូ នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ គឺកើតមានឡើងពីរថ្ងៃបន្ទាប់ពីជំនួបកំពូលជាប្រវត្តិសាស្ត្ររវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅប្រទេសសិង្ហបុរីបានបញ្ចប់ទៅប្រកបដោយភាពវិជ្ជមាន ហើយក្នុងនោះចិនពិតជាតួអង្គមួយសំខាន់ ដែលមិនអាចខ្វះបាន។ លោក ប៉ុមប៉េអូ ក៏នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងផងដែរ៕