(អង់ការ៉ា)៖ រដ្ឋមន្រ្តីការពារជាតិតួកគី លោក នួរ៉េតទីន ខេនីគ្លី (Nurettin Canikli) បានឲ្យដឹងថា កងទ័ពតួកគីនឹងបន្តស្ថិតនៅតំបន់ភាគខាងជើងអ៊ីរ៉ាក់ រហូតទាល់តែក្រុមភេរវករត្រូវបានបោសសម្អាតទាំងស្រុង ចេញពីតំបន់នោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។
ក្នុងអំឡុងការផ្តល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរដ្ឋតួកគី អាណាឌូលូ (Anadolu) លោក Nurettin Canikli បាននិយាយថា យោធាតួកគីបានឈានដល់ដំណាក់កាលថ្មីមួយទៀត នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម នៅក្នុងតំបន់។ លោក Canikli ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា ប្រតិបត្តិការយោធាដែលកំពុងបន្តប្រព្រឹត្តទៅនេះ ដោយមានគោលដៅលើកងកម្លាំងឃើដ PKK នោះ គឺស្ថិតក្រោមការសម្របសម្រួលជាមួយទីក្រុងបាកដាដ និងតេហេរ៉ង់។ លោក Canikli បានសង្គត់ធ្ងន់ថា ប្រតិបត្តិការយោធានេះ មានការព្រមព្រៀងពេញលេញពីរដ្ឋាភិបាលអ៊ីរ៉ាក់។
គួរជម្រាបថា ក្រោយការបើកប្រតិបត្តិការយោធា Olive Branch នៅស៊ីរី កងទ័ពតួកគី បច្ចុប្បន្នកំពុងបន្តយុទ្ធនាការរបស់ខ្លួន ប្រឆាំងនឹងបណ្តាញក្រុម PKK នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ថែមទៀត ដោយក្រុមនេះត្រូវបានចាត់ចូលក្នុងបញ្ជីក្រុមភេរវករ ដោយទីក្រុងអង់ការ៉ា៕