(ម៉ូស្គូ)៖ គ្រូបង្វឹកលំដាប់ពិភពលោក Jose Mourinho បានធ្វើការទស្សន៍ទាយថា ក្រុមបាល់ទាត់ម្ចាស់ផ្ទះរុស្ស៊ី នឹងឆ្លង វគ្គជម្រុះសន្សំពិន្ទុក្នុងពូល A និងបន្តជួបក្រុមខ្លាំង អេស្ប៉ាញ ក្នុងវគ្គ១៦ក្រុមជាបន្តនៃព្រឹត្តិការណ៍ World Cup 2018 ដែលនឹងចាប់ផ្តើមប្រកួតផ្លូវការនៅថ្ងៃស្អែកនេះ។
យោងតាមវិដេអូឃ្លីបដែលបានបង្ហោះនៅលើគេហទំព័រ Youtube ដែលមានរយៈពេល ២៖៣៩នាទីនោះ គឺគ្រូបង្វឹក សញ្ជាតិព័រទុយហ្គាល់ Jose Mourinho ដែលកំពុងដឹកនាំក្លឹប Manchester United ផងនោះ បានធ្វើការទាយទុកថា ម្ចាស់ផ្ទះរុស្ស៊ី នឹងបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ខណៈអ៊ុយរូហ្គាយនឹងជាប់លេខ១ ប្រចាំពូល A ដែលមានន័យថា រុស្ស៊ី នឹងជួបអេស្ប៉ាញដែលជាក្រុមលេខ១ ប្រចាំពូល B និងព័រទុយហ្គាល់ជាប់លេខ២នោះ ត្រូវជួបអ៊ុយរូហ្គាយ ក្នុងការប្រកួតខ្វែងពូល។
បន្ថែមលើនេះ ជាការកត់សម្គាល់ គ្រូបង្វឹកជោគជ័យរូបនេះ ក៏បានទាយថា ក្រុមខ្លាំងប្រេស៊ីល និងអាល្លឹម៉ង់មិនជួបគ្នា ឡើយក្នុងវគ្គ១៦ក្រុម ដោយបុរសវ័យ ៥៥ឆ្នាំ Mourinho ធ្វើការទាយទុកថា ប្រេស៊ីលនឹងជាប់លេខ១ ដែលត្រូវប៉ះ ម៉ិកសិច លេខ២ ពូល F និងអាល្លឺម៉ង់ជាប់លេខ១ ត្រូវជួបស្វីស ក្នុងនាមជាក្រុមលេខ២ ស្ថិតក្នុងពូល E។
ទន្ទឹមគ្នានោះដែរ អ្នកជំនាញវិភាគបាល់ទាត់ប្រចាំសារព័ត៌មាន BBC បានធ្វើការទស្សន៍ទាយស្រដៀងគ្នានេះដែរ គឺអ៊ុយរូហ្គាយ និងរុស្ស៊ី នឹងឆ្លងផុតពូលឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ស្របពេលអតីតម្ចាស់ជើងឯក World Cup ៥សម័យកាល ប្រេស៊ីល និងជើងឯក ៤សម័យកាលអាល្លឺម៉ង់ សុទ្ធតែជាក្រុមលេខ១ ប្រចាំពូលរបស់ពួកគេទាំងអស់៕