(សេអ៊ូល)៖ ខណៈកិច្ចប្រជុំកំពូលត្រាំ-គីម ហាក់បញ្ចប់ទៅដោយភាពវិជ្ជមានយ៉ាងប្រសើរ ប្រមុខការទូតអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងធ្វើដំណើរមកកាន់កូរ៉េខាងត្បូង ដើម្បីពាំនាំខ្លឹមសារលម្អិត នៃដំណឹងដ៏ល្អនេះមកជូនសម្ព័ន្ធមិត្តរបស់ខ្លួនដោយផ្ទាល់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសសេអ៊ូល រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo ត្រូវគេរំពឹងថា នឹងធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូង នៅល្ងាច ឬយប់ថ្ងៃពុធនេះ ដើម្បីជួបជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោកស្រី កាង គ្យុងវ៉ា (Kang Kyung-wha)។ ប្រមុខការទូតនៃប្រទេសទាំងពីរ នឹងបើកកិច្ចប្រជុំទ្វេភាគីជាមួយគ្នា ព្រមទាំងកិច្ចប្រជុំត្រីភាគី ដែលរួមមានសមភាគីជប៉ុនមួយរូបទៀត នៅទីក្រុងសេអ៊ូលនាថ្ងៃព្រហស្បតិ៍ មុនពេលធ្វើសន្និសីទសារព័ត៌មានមួយរួមគ្នា។
គួរជម្រាបថា បន្ទាប់ពីបានបើកកិច្ចប្រជុំកំពូលលើកដំបូងបំផុត ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅសិង្ហបុរី ជាទីដែលថ្នាក់ដឹកនាំទាំងពីរ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការព្រមព្រៀងគ្នា ដើម្បីរំសាយអាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ ជាថ្នូរនឹងការធានាសន្តិសុខឲ្យកូរ៉េខាងជើង ព្រមទាំងការបង្កើតទំនាក់ទំនងទ្វេភាគីថ្មី និងកសាងសន្តិភាពយូរអង្វែងឋិតឋេរនៅតំបន់ឧបទ្វីបកូរ៉េនោះ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹងបញ្ជូនលោក Pompeo មកកាន់កូរ៉េខាងត្បូង ដើម្បីពន្យល់បកស្រាយពីលទ្ធផល នៃកិច្ចប្រជុំកំពូលកូរ៉េខាងជើង-អាមេរិក ដល់ទីក្រុងសេអ៊ូល៕