(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាពាណិជ្ជកម្មសេតវិមាន លោក ភីធើ ណាវ៉ារ៉ូ (Peter Navarro) បានសុំទោសហើយចំពោះការអត្ថាធិប្បាយមិនសមរម្យ ដាក់នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។
លោក Navarro នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនបានរិះគន់ លោក ទ្រូដូ យ៉ាងចាស់ដៃដោយនិយាយថា វានឹងមានកន្លែងពិសេសមួយនៅក្នុងឋាននរក សម្រាប់មេដឹកនាំបរទេសទាំងឡាយណាដែលបានចូលរួមក្នុងនយោបាយការទូត មានបំណងមិនល្អលើលោកប្រធានាធិបតី ត្រាំ ក៏ដូចជាលួចក្បត់ចាក់រូបលោកពីក្រោយខ្នង។
តែយ៉ាងនេះក្ដី ថ្លែងប្រាប់សារព័ត៌មាន Wall Street Journal នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ណាវ៉ារ៉ូ បានទទួលស្គាល់កំហុស និងសុំទោសលោក ទ្រូដូ។ ទីប្រឹក្សាពាណិជ្ជកម្មសេតវិមានរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «...បញ្ហាគឺនៅត្រង់ការបញ្ជូនសារដែលខ្ញុំ ប្រើប្រាស់ភាសាមិនសមរម្យ ហើយខ្ញុំទទួលស្គាល់ថា វាគឺជាកំហុស និងពាក្យសម្ដីរបស់ខ្ញុំ»។
គួរបញ្ជាក់ថា ការសូមទោសរបស់លោក ភីធើ ណាវ៉ារ៉ូ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បានទាស់ពាក្យសម្ដីនឹងគ្នាជុំវិញកិច្ចប្រជុំ G7 ក្នុងប្រទេសកាណាដានិងបញ្ហាពាណិជ្ជកម្ម ជាពិសេសគឺគោលនយោបាយតម្លើងពន្ធនាំចូលដែកថែប ២៥ភាគរយ និងអាលុយមីញ៉ូម ១០ភាគរយ ពីបរទេសចូលសហរដ្ឋអាមេរិក៕