អង្គការសហប្រជាជាតិ «កោតសរសើរមហាយក្សចិន» ដែលដើរតួនាទីសំខាន់ប្រកបដោយភាពវិជ្ជមាន លើបញ្ហាឧបទ្វីបកូរ៉េ... (Video inside)
13-06-2018 09:05
(ញូយ៉ក)៖ អង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះ បានកត់សម្គាល់ថា ចិនបានដើរតួនាទីយ៉ាងសំខាន់ និងប្រកបដោយភាពវិជ្ជមាន ទាក់ទិននឹងស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។
ការថ្លែងបែបនេះរបស់អង្គការសហប្រជាជាតិ (UN) ធ្វើឡើងបន្ទាប់ពីជំនួបកំពូលរវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារនៅក្នុងប្រទេសសិង្ហបុរី បានបិទបញ្ចប់ទៅដោយក្ដីរំពឹងថា ប្រទេសទាំងពីរអាចនឹងផ្សះផ្សាជម្លោះនឹងគ្នាអស់រយៈពេលរាប់ទសវត្សរ៍មកនេះ ដោយសារតែការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។
ដោយឡែកពាក់ព័ន្ធនឹងជំនួបកំពូលនេះដែរ អ្នកនាំពាក្យអគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) គឺលោក ស្ទេហ្វិន ឌូហ្សារិច (Stephane Dujarric) បានលើកឡើងដូច្នេះថា «ចិនបានដើរតួនាទីយ៉ាងសំខាន់ និងប្រកបដោយភាពវិជ្ជមានទាក់ទិន នឹងស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ»។ អ្នកនាំពាក្យរូបនេះបន្ថែមថា លោកអគ្គលេខាធិការក៏បានសាទរផងដែរ ចំពោះកិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាងមេដឹកនាំ កូរ៉េខាងជើង និងប្រធានាធិបតីអាមេរិកដោយចាត់ទុកថា វាគឺជាការវិវត្តមួយដ៏សំខាន់។
គួរជម្រាបថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានបិទបញ្ចប់ជំនួបនៅក្នុងប្រទេសសិង្ហបុរី ជាមួយការចុះហត្ថលេខាលើ សេចក្ដីថ្លែងការណ៍រួមមួយគ្របដណ្ដប់លើបញ្ហាជាច្រើន ក្នុងនោះរួមមានទាំងការសន្យាធ្វើការងាររួមគ្នា ដើម្បីឆ្ពោះទៅរកការលុប បំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕