(សិង្ហបុរី)៖ កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររវាង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបិទបញ្ចប់ជាស្ថាពរហើយកាលពីរសៀលថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយគ្រប់គ្នាបានមើលឃើញថា ភាពវិជ្ជមានជាច្រើនបានលេចឡើង ទាំងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ព្រមទាំងជាប្រយោជន៍ធំធេងសម្រាប់ពិភពលោកទាំងមូលផងដែរ។
ខាងក្រោមនេះ គឺជាកិច្ចដំណើរនៃកិច្ចប្រជុំទៅតាមតំណាក់កាល ចាប់តាំងពីការមកដល់នៃមេដឹកនាំទាំងពីរ គឺលោក គីម និងលោក ត្រាំ ក្នុងទឹកដីសិង្ហបុរី រហូតដល់ការរៀបចំកិច្ចជំនួបជាប្រវត្តិសាស្ត្រ ព្រមទាំងការពិភាក្សាគ្នា និងឈានដល់ការបង្កើតចេញនូវសេចក្តីថ្លែងការណ៍រួមជាស្ថានពរតែម្តង ហើយមេដឹកនាំទាំងពីរក៏រៀបចំត្រឡប់ទៅប្រទេសកំណើតវិញរៀងៗខ្លួន៖
* លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានធ្វើដំណើរមកដល់សិង្ហបុរី នោថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨ ដូចគ្នា ដោយលោក ត្រាំ ចាកពីកាណាដាដោយជិះយន្តហោះពិសេស Air Force One ក្រោយបញ្ចប់កិច្ចប្រជុំកំពូល G7 ខណៈលោក គីម ជុងអ៊ុន បានចាកចេញពីប្រទេសកូរ៉េខាងជើង និងជិះយន្តហោះចិន Air China ដែលគេជឿជាក់ថា ជាការរៀបចំដោយរដ្ឋាភិបាលចិន។
* នៅពេលស្ថិតនៅសិង្ហបុរីថ្ងៃដំបូង លោក គីម ជុងអ៊ុន និង លោក ដូណាល់ ត្រាំ ត្រូវបានទទួលស្វាគមន៍ និងជូនដំណើរទៅសណ្ឋាគារដាច់ដោយឡែកពីគ្នា ហើយគណប្រតិភូដែលសុទ្ធសឹងជាមន្ត្រីកំពូលៗរបស់អាមេរិក និងកូរ៉េខាងត្បូង បានបើកកិច្ចពិភាក្សាទ្វេភាគីជាមួយគ្នានៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ មុនជំនួបត្រាំ-គីមធ្វើឡើង។
* ឈានចូលដល់ថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានបើកកិច្ចពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយលោក គីម ជុងអ៊ុន ផងនិងជាមួយលោក ដូណាល់ ត្រាំ ផងដើម្បីស្វែងយល់បញ្ហាជារួម ព្រមទាំងទំនាក់ទំនងរវាងប្រទេសសិង្ហបុរី-កូរ៉េខាងជើង និងសិង្ហបុរី-អាមេរិក។
* នៅសល់មួយថ្ងៃទៀតត្រូវជួបគ្នា លោក គីម ជុងអ៊ុន បានធ្វើការអញ្ជើញលោក ដូណាល់ ត្រាម ទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង នៅពេលវេលាណាមួយដែលសមស្រប ប៉ុន្តែវាពុំទាន់ទទួលបានការឆ្លើយតបពីសំណាក់ លោក ដូណាល់ ត្រាំ នោះឡើយ។
* នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ លោក គីម ជុងអ៊ុន និងគណប្រតិភូត្រូវបានមន្ត្រីជាន់ខ្ពស់សិង្ហបុរី អមដំណើរទៅធ្វើការទស្សនាកម្សាន្តទីក្រុងនាពេលរាត្រីដូចជា នៅជុំវិញសួន Sky Park នៅលើដំបូងនៃអគារប្រណិត Marina Bay Sands ព្រមទាំងនៅតំបន់កំពង់ផែ Singapore Port ដែលជាហេតុនាំឲ្យលោក គីម ជុងអ៊ុន បានបង្ហាញការកោតសរសើរមិនដាច់ពីមាត់ អំពីការរីកចំរើនរបស់សិង្ហបុរី ដែលកូរ៉េខាងជើងអាចរៀនសូត្រតាម។
* នៅអំឡុងម៉ោង ៧៖០០ព្រឹក (ម៉ោងនៅសិង្ហបុរី) ថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាកចេញពីសណ្ឋាគាររៀងៗខ្លួន ដើម្បីចូលរួមក្នុងជំនួបកំពូលជាប្រវត្តិសាស្ត្រ នៅឯសណ្ឋាគារ Capella Hotel នៃកោះ Sentosa ក្នុងប្រទេសសិង្ហបុរី នៅថ្ងៃអង្គារនេះ។
* ទីបំផុតជំនួបកំពូលរវាងប្រធានាធិបតិអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន ចាប់ផ្ដើមជាផ្លូវការនៅម៉ោង ០៩៖០០នាទីព្រឹកថ្ងៃអង្គារ (ម៉ោងនៅសិង្ហបុរី ត្រូវនឹងម៉ោង ៨៖០០នាទីនៅកម្ពុជា) ជាមួយការចាប់ដៃគ្នាទៅវិញទៅមក រវាងមេដឹកនាំនៃប្រទេសទាំងពីរប្រកបដោយការវិការស្វាគមន៍ និងរីករាយដាក់គ្នា នៅលើកម្រាលពណ៌ក្រហម។
* ក្រោយស្វាគមន៍គ្នាបន្តិច នៅចំពោះមុខអ្នកសារព័ត៌មានអន្តរជាតិជាច្រើននាក់ លោក គីម និង លោក ត្រាំ បានបណ្តើរគ្នាចូលទៅក្នុងបន្ទប់មួយ នៃសណ្ឋាគារ Capella ដើម្បីបើកកិច្ចជំនួបដំបូងជុំទី ១ ដោយត្រូវបានចូលរួមដោយមន្ត្រីអមដំណើររបស់ប្រទេសទាំងពីរផងដែរ។
* នៅក្នុងឱកាសនៃជំនួបដំបូងមួយទល់នឹងមួយ ជាមួយមេដឹកនាំកូរ៉េខាងជើង ដែលបានបញ្ចប់ទៅក្រោយរយៈពេលជាង ៤០នាទី លោក ដូណាល់ ត្រាំ បានលើកឡើងប្រាប់ក្រុមអ្នកសារព័ត៌មានថា តាមរយៈការធ្វើការងារជាមួយគ្នា លោកជឿជាក់ថា ប្រទេសទាំងពីរនឹងអាចដោះស្រាយបញ្ហាដ៏ធំនៅឧបទ្វីបកូរ៉េបាន។
* នៅចំពោះមុខលោក គីម ជុងអ៊ុន លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងមានកិច្ចពិភាក្សាដ៏អស្ចារ្យ ហើយខ្ញុំគិតថានឹងមានភាពជោគជ័យដ៏ធំសម្បើម។ មួយវិញទៀត វាជាគឺជាកិត្តិយសរបស់ខ្ញុំ ហើយយើងនឹងមានទំនងទំនងដ៏អស្ចារ្យ ដោយខ្ញុំគ្មានការសង្ស័យឡើយ»។
* ទន្ទឹមគ្នាលោក គីម ក៏បានទទួលស្គាល់ដែរថា វាមិនមែនជារឿងងាយស្រួលឡើយក្នុងការបោះជំហានទៅកិច្ចប្រជុំនេះ។ «វាមានឧបសគ្គ និងការអនុវត្តន៍មិនត្រឹមត្រូវជាច្រើនបានបិទភ្នែក និងត្រចៀករបស់យើងកន្លងមក ប៉ុន្តែយើងបានជម្នះគ្រប់យ៉ាងដើម្បីដើរមកដល់ថ្ងៃនេះ»។ នេះបើតាមសម្តីចេញពីមាត់លោក គីម ជុងអ៊ុន តបទៅលោក ត្រាំ វិញ។
* ជាមួយគ្នានេះ ក៏មានការបង្ហើបឲ្យដឹងផងដែរ នៅមុនពេលអង្គុយចុះជាមួយគ្នា ក្នុងជំនួបមួយទល់នឹងមួយ លោក គីម ជុងអ៊ុន ជាមួយស្នាមញញឹមដ៏ស្រស់ស្រាយ ទំនងជាបានពោលពាក្យទៅកាន់លោក ត្រាំ តាមរយៈអ្នកបកប្រែថា «ខ្ញុំយល់ថា ពិភពលោកទាំងមូលកំពុងតែទស្សនា ព្រឹត្តិការណ៍ដ៏សំខាន់នាពេលនេះ ហើយមនុស្សជាច្រើននៅលើពិភពលោកនឹងគិតថា នេះគឺប្រៀបដូចជាឈុតឆាកបែបស្រមើស្រមៃមួយ នៅក្នុងខ្សែភាពយន្តវិទ្យាសាស្រ្តបែបប្រឌិតអ៊ីចឹង»។
* ក្រោយបញ្ចប់ជំនួបជុំទី ១ ដែលមានរយៈពេលជាង ៤០នាទី មេដឹកនាំទាំងពីរក៏បានចាប់ផ្តើមនៅជំនួបលើកទី ២ បន្តទៀតដោយបានចំណាយរយៈពេល ៩០នាទីទើបបញ្ចប់ ដោយក្នុងនោះមេដឹកនាំទាំងពីរ គឺលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានព្រមព្រៀងគ្នាថា ក្រោយពិធីទទួលទានអាហារពេលថ្ងៃត្រង់រួច សេចក្តីថ្លែងការណ៍រួមមួយនឹងត្រូវចុះហត្ថលេខា ដោយមេដឹកនាំទាំងពីរ។
* បន្ទាប់ពីជំនួបទ្វេភាគីលើកទី២ជាង ៩០នាទី ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចូលរួមទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នា នៅសណ្ឋាគារ Capella ប្រទេសសិង្ហបុរី ដែលជាសណ្ឋាគារប្រណិតបំផុតមួយ នៅប្រទេសដីកោះអាស៊ីអាគ្នេយ៍មួយនេះ។
* ម្ហូបអាហារការទូត ដែលបានទទួលមេដឹកនាំទាំងពីរ និងគណប្រតិភូទាំងអស់មានដូចជា៖ ម្ហូបបើកឆាក៖ បង្គារខុកធែល (prawn cocktail) និងសឡាត់អាវ៉ូកាដូ (avocado salad) និងម្ហូបកូរ៉េ Daegu jorim, ម្ហូប៖ សាច់គោ, ស្រាក្រហម, សាច់ជ្រូក និងបាយឆាយ៉ាងចូវ (Yangzhou) និង បង្អែម៖ នំសូកូឡាខ្មៅ, ការ៉េម Haagen-Dazs, និងនំ tropezienne។
* ពេលដឹងថា ប្រទេសទាំងពីរនឹងចេញសេចក្តីថ្លែងការណ៍រួមគ្នា រដ្ឋាភិបាលចិននៅថ្ងៃអង្គារនេះ បានសម្ដែងការស្វាគមន៍ និងសាទរដល់កិច្ចប្រជុំកំពូលនៅក្នុងប្រទេសសិង្ហបុរី រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយក្នុងនោះរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានថ្លែងថា «មេដឹកនាំនៃប្រទេសទាំងពីរអាចអង្គុយចុះ ជាមួយគ្នានៅថ្ងៃនេះ សម្រាប់កិច្ចប្រជុំដោយស្មើភាព ដែលនេះគឺជាការបង្កើរប្រវត្តិសាស្ត្រថ្មីមួយ ហើយចិនស្វាគមន៍ និងគំាទ្រ ដ្បិតវាគឺជាវត្ថុបំណងដែលចិនកំពុងទន្ទឹមរង់ចាំ និងធ្វើការយ៉ាងខ្លាំងដើម្បីសម្រេចវត្ថុបំណងនេះ»។
* បន្ថែមពីនេះទៀត ក្រសួងការបរទេសចិននៅថ្ងៃអង្គារនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីអំពាវនាវឲ្យមានការពិចារណាដកទណ្ឌកម្ម ចេញពីប្រទេសកូរ៉េខាងជើង ក្រោយពីលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានចុះហត្ថលេខារួមគ្នាជាប្រវត្តិសាស្ត្រ ទៅលើសេចក្តីថ្លែការណ៍រួម ដោយក្នុងនោះបានបញ្ជាក់ច្បាស់ៗថា កូរ៉េខាងជើងប្តេជ្ញារួមសហការគ្នា ដើម្បីរំសាយអាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េតែម្តង។
* ទីបំផុតកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍រួម ដោយត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ សេចក្តីថ្លែងការណ៍ជាប្រវត្តិសាស្ត្រនេះ មានចំនួន ០៤ ចំណុចធំៗដូចខាងក្រោម៖
១៖ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្តេជ្ញាបង្កើតទំនាក់ទំនងអាមេរិក-កូរ៉េខាងជើងថ្មី ដោយឈរលើសេចក្តីប៉ងប្រាថ្នារបស់ប្រជាជន នៃប្រទេសទាំងពីរ ដែលចង់បានសន្តិភាព និងវិបុលភាព។
២៖ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងបង្កើតកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីកសាងសន្តិភាពដែលមានភាពយូរអង្វែង និងមានស្ថិរភាពនៅឧបទ្វីបកូរ៉េ។
៣៖ ដោយគោរពតាមសេចក្តីប្រកាសថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅភូមិ Panmunjom ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង កូរ៉េខាងជើងនឹងរួមសហការគ្នា ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ពីឧបទ្វីបកូរ៉េ។
៤៖ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្តេជ្ញាក្នុងការរុករកគ្រោងឆ្អឹងកងទ័ពអាមេរិកកាលពីសម័យសង្រ្គាមកូរ៉េ រួមទាំងការធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ នៃគ្រោងឆ្អឹងទាហានអាមេរិក ដែលត្រូវបានកំណត់អត្តសញ្ញាណរួចរាល់។
* ក្រោយចេញសេចក្តីថ្លែងការណ៍រួមរួចរាល់ វាមានន័យថាកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរត្រូវបានបញ្ចប់ហើយ ប៉ុន្តែលោក ដូណាល់ ត្រាំ បានបើកសន្និសីទសារព័ត៌មានមួយ ដើម្បីរៀបរាប់ជារួមអំពីអត្ថន័យសំខាន់ៗអំពីជំនួប ត្រាំ-គីម ដែលពិភពលោកចង់ដឹងជាទីបំផុត។
* ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកមួយនៅក្នុងសណ្ឋាគារ Capella ប្រទេសសិង្ហបុរី ក្រោយពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមគ្នាជាមួយលោក គីម ជុងអ៊ុន ថា លោក គីម បានព្រមតាមការអញ្ជើញរបស់លោកហើយ ដើម្បីទៅបំពេញទស្សនកិច្ចជាលើកដំបូង នៅក្នុងសហរដ្ឋអាមេរិក។
* នៅក្នុងសន្និសីទសារព័ត៌មានខាងលើ លោក ដូណាល់ ត្រាំ បានលើកឡើងថា កូរ៉េខាងជើង មានសក្តានុពល ដើម្បីប្រែក្លាយខ្លួនជាកន្លែងដ៏អស្ចារ្យមួយ ហើយលោកក៏បានឆ្លៀតឱកាសអរគុណដល់លោក គីម ជុងអ៊ុន ដែលបានចូលរួមជំនួបកំពូលនេះផងដែរ ដោយវាគឺជាភស្តុតាងស្តែងឲ្យឃើញថា ការផ្លាស់ប្តូរពិតជានឹងអាចកើតមាន។
* បន្ថែមពីនេះទៀតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា «សហរដ្ឋអាមេរិកនឹងបញ្ឈប់ការធ្វើសមយុទ្ធយោធា» ដែលនេះទំនងជាលោកចង់សំដៅទៅលើសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូង ដែលទីក្រុងព្យុងយ៉ាងផ្ទាល់ចាត់ទុកថា ជាចេតនាបង្ករឿង និងឈ្លានពាននោះ។
* ដោយឡែកចំពោះការដកទ័ពពីកូរ៉េខាងត្បូងវិញនោះ ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់យកកងទ័ពរបស់យើងចេញ។ ខ្ញុំចង់យកកងទ័ពរបស់យើងត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែវាមិនមែនជាផ្នែកមួយ នៃបញ្ហាត្រូវដោះស្រាយក្នុងពេលបច្ចុប្បន្ននេះទេ ហើយខ្ញុំសង្ឃឹមថា វានឹងកើតឡើងនៅថ្ងៃណាមួយ»។
* លោក ដូណាល់ ត្រាំ បានបន្តថា កិច្ចប្រជុំរវាងលោក និងលោក គីម បានប្រព្រឹត្តទៅដោយភាពស្មោះត្រង់ ហើយគូសត្រូវក៏អាចប្រែក្លាយជាមិត្តផងដែរ។ លោក ត្រាំ បានបញ្ជាក់ទៀតថា វាពុំមានដែនកំណត់នោះឡើយ សម្រាប់អ្វីៗដែលកូរ៉េខាងជើង អាចសម្រេចបាន នៅពេលដែលទីក្រុងព្យុងយ៉ាង សម្រេចបោះបង់ចោលអាវុធនុយក្លេអ៊ែរ និងបើកចំហសេដ្ឋកិច្ចរបស់ខ្លួន។
* លោកប្រធានាធិបតីអាមេរិក ក៏បានថ្លែងអំណរគុណចំពោះសិង្ហបុរី សម្រាប់ការរៀបចំកិច្ចប្រជុំ ហើយលោកក៏បានផ្តល់កិត្តិយសទៅកាន់មេដឹកនាំនៃប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុនផងដែរ។
* ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកនឹងមិនចេញថ្លៃចំណាយសូម្បីតែមួយសេន ទាក់ទិននឹងការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ខណៈក្រុមអ្នកជំនាញខ្លះប៉ាន់ប្រមាណថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរនេះ អាចនឹងត្រូវចំណាយប្រាក់ជាង ២០ពាន់លានដុល្លារ។
* នាយករដ្ឋមន្ត្រីសិង្ហបុរីក្នុងនាមជាម្ចាស់ផ្ទះ ដែលបានចំណាយធនធានផ្ទាល់ខ្លួន ក្នុងការរៀបចំជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះបានសរសេរលិខិតជូនមេដឹកនាំទាំងពីររូប ដោយបានសម្តែងនូវក្តីអបអរសាទរ តំណាងឲ្យប្រជាជាតិសិង្ហបុរីទាំងមូល ចំពោះការបញ្ចប់ទៅដោយភាពជោគជ័យ នៃជំនួបកំពូលក្នុងថ្ងៃអង្គារនេះ។
* នៅក្នុងលិខិតផ្ញើជូនទៅលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានសង្កត់ធ្ងន់ថា «កិច្ចប្រជុំកំពូលរវាងមេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងជើង គឺជាជំហានឆ្ពោះទៅមុខយ៉ាងខ្លាំងមួយ ហើយសិង្ហបុរីមានកិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ...»។
គួរបញ្ជាក់ថា ការចាកចេញរបស់លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ទៅកាន់ប្រទេសរៀងៗខ្លួនវិញ ត្រូវបានសារព័ត៌មានសិង្ហបុរីចេញផ្សាយថា ធ្វើឡើងនៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយលោក ត្រាំ ធ្វើដំណើរតាមយន្តហោះ Air Force One ចាកពីសិង្ហបុរីនៅវេលាម៉ោង ៧៖០០នាទីយប់ និងលោក គីម ជុងអ៊ុន ចាកចេញតាមជើងហោះហើរ Air China នៅម៉ោង ៩៖០០នាទីយប់ថ្ងៃដដែល (ម៉ោងនៅសិង្ហបុរី ដើរលឿនជាងម៉ោងនៅកម្ពុជាមួយម៉ោង)៕
សូមចុចអាន៖ ស្វែងយល់ខ្លឹមសារទាំងស្រុងអំពី «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃជំនួបកំពូលត្រាំ-គីម» ដែលប្រារព្ធឡើងនៅសិង្ហបុរី