(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរីក្នុងនាមជាម្ចាស់ផ្ទះ ដែលបានចំណាយធនធានផ្ទាល់ខ្លួន ក្នុងការរៀបចំជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះបានសរសេរលិខិតជូនមេដឹកនាំទាំងពីររូប ដោយបានសម្តែងនូវក្តីអបអរសាទរ តំណាងឲ្យប្រជាជាតិសិង្ហបុរីទាំងមូល ចំពោះការបញ្ចប់ទៅដោយភាពជោគជ័យ នៃជំនួបកំពូលក្នុងថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាល្ងាចថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងលិខិតផ្ញើជូនទៅលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានសង្កត់ធ្ងន់ថា «កិច្ចប្រជុំកំពូលរវាងមេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងជើង គឺជាជំហានឆ្ពោះទៅមុខយ៉ាងខ្លាំងមួយ ហើយសិង្ហបុរីមានកិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ...»។
គួរបញ្ជាក់ថា បើតាមការអះអាងរបស់លោក លី សៀនឡុង នៅមុនជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម ធ្វើឡើងនោះ សិង្ហបុរីបានធ្វើការចំណាយរហូតខ្ទង់ ១៥លានដុល្លារអាមេរិក ដើម្បីរៀបចំគ្រប់បែបយ៉ាងមានទាំងពិធីការជារួម និងកិច្ចការពារសន្តិសុខចាប់តាំងពីមុនដំណើរមកដល់នៃគណប្រតិភូទាំងពីរប្រទេស ពេលបើកកិច្ចប្រជុំ និងរហូតដល់កិច្ចប្រជុំត្រូវបញ្ចប់ជាស្ថាពរ៕