(សិង្ហបុរី)៖ ក្រោយកិច្ចប្រជុំកំពូលបានបញ្ចប់ទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើសន្និសីទព័ត៌មានមួយ ទាក់ទិននឹងជំនួបជាមួយលោក គីម ជុងអ៊ុន នាថ្ងៃនេះ មុនធ្វើដំណើរចាកចេញពីសិង្ហបុរី ដើម្បីត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន The Guardian នៅរសៀលថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងសន្និសីទសារព័ត៌មានខាងលើ លោក ដូណាល់ ត្រាំ បានលើកឡើងថា កូរ៉េខាងជើង មានសក្តានុពល ដើម្បីប្រែក្លាយខ្លួនជាកន្លែងដ៏អស្ចារ្យមួយ ហើយលោកក៏បានឆ្លៀតឱកាសអរគុណដល់លោក គីម ជុងអ៊ុន ដែលបានចូលរួមជំនួបកំពូលនេះផងដែរ ដោយវាគឺជាភស្តុតាងស្តែងឲ្យឃើញថា ការផ្លាស់ប្តូរពិតជានឹងអាចកើតមាន។
បន្ថែមពីនេះទៀតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា «សហរដ្ឋអាមេរិកនឹងបញ្ឈប់ការធ្វើសមយុទ្ធយោធា» ដែលនេះទំនងជាលោកចង់សំដៅទៅលើសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូង ដែលទីក្រុងព្យុងយ៉ាងផ្ទាល់ចាត់ទុកថា ជាចេតនាបង្ករឿង និងឈ្លានពាននោះ។
ដោយឡែកចំពោះការដកទ័ពពីកូរ៉េខាងត្បូងវិញនោះ ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់យកកងទ័ពរបស់យើងចេញ។ ខ្ញុំចង់យកកងទ័ពរបស់យើងត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែវាមិនមែនជាផ្នែកមួយ នៃបញ្ហាត្រូវដោះស្រាយក្នុងពេលបច្ចុប្បន្ននេះទេ ហើយខ្ញុំសង្ឃឹមថា វានឹងកើតឡើងនៅថ្ងៃណាមួយ»។
លោក ដូណាល់ ត្រាំ បានបន្តថា កិច្ចប្រជុំរវាងលោក និងលោក គីម បានប្រព្រឹត្តទៅដោយភាពស្មោះត្រង់ ហើយគូសត្រូវក៏អាចប្រែក្លាយជាមិត្តផងដែរ។ លោក ត្រាំ បានបញ្ជាក់ទៀតថា វាពុំមានដែនកំណត់នោះឡើយ សម្រាប់អ្វីៗដែលកូរ៉េខាងជើង អាចសម្រេចបាន នៅពេលដែលទីក្រុងព្យុងយ៉ាង សម្រេចបោះបង់ចោលអាវុធនុយក្លេអ៊ែរ និងបើកចំហសេដ្ឋកិច្ចរបស់ខ្លួន។
លោកប្រធានាធិបតីអាមេរិក ក៏បានថ្លែងអំណរគុណចំពោះសិង្ហបុរី សម្រាប់ការរៀបចំកិច្ចប្រជុំ ហើយលោកក៏បានផ្តល់កិត្តិយសទៅកាន់មេដឹកនាំនៃប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុនផងដែរ។
គួរបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មាន មុនចាកចេញដំណើរត្រឡប់ទៅសហរដ្ឋអាមេរិកវិញនៅយប់នេះ លោក ត្រាំ បានបង្ហាញ ក្ដីសង្ឃឹមថា សង្រ្គាមកូរ៉េនឹងត្រូវបញ្ចប់ជាផ្លូវការក្នុងពេលឆាប់ៗនេះ ហើយលោកថាលោក គីម ជុងអ៊ុន គឺជាមនុស្សម្នាក់ពោពេញដោយសមត្ថភាព ដែលអាចដឹកនាំប្រទេសបាន។ តែទោះជាយ៉ាងនេះក្ដី លោកនៅតែបញ្ជាក់ដដែលថា គ្មានឡើយការលើកលែងការដាក់ ទណ្ឌកម្ម រហូតដល់កូរ៉េខាងជើង លុបបំបាត់អាវុធនុយក្លេអ៊ែរទំាងស្រុង៕